លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សូមពលរដ្ឋរស់នៅ និងធ្វើការតំបន់ណា រក្សានៅតំបន់នោះដដែល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសំណូមពរដល់បងប្អូនទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ មានប្រសាសន៍បែបនេះ ខណៈលោកស្រី​ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១​ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ កាលពីថ្ងៃម្សិលម៉ិញ ដែលស្ថិតក្នុងឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី​ ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកស្រី​ បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង អាវយឺត ១ ធុងទឹកជ័រ១ ក្រណាត់កៅស៊ូតង់១ ឆ្នាំងបាយ ឆ្នាំងសម្លរ ២ កន្ទឹលជ័តបត់១ ថវិកា ៣៥ម៉ឺនរៀល ។

ក្នុងឱកាសនោះ ក៏មានសប្បុរសជន បានចូលរួមចំណែកជាមូលនិធិ អបអរសាទរក្នុងឱកាស នៃខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ដើម្បីទ្រទ្រង់ដល់សកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលប្រឈមងាយរងគ្រោះនឹងមានទុក្ខលំបាកផ្សេងៗ រួមមាន ៖
១. លោកស្រី​កិត្តិសង្គហបណ្ឌិត ១០លានរៀល
២. លោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងលោកស្រី​ ថវិកា ៥.០០០ដុល្លារ
៣.លោកឧត្តមសេនីយ៍ទោ កឹង ឃន និងលោកស្រី​ ថវិកា ១០លានរៀល
៤. លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ថវិកា ៥លានរៀល
៤. តារាកំប្លែង ពែកមី ថវិកា ១០លានរៀល

ដោយឡែកក្នុងថ្ងៃនោះផងដែរ លោកស្រី​ ក៏បានចូលបុណ្យសពដល់គ្រួសារ ដែលមានសមាជិកបានទទួលមរណភាពដោយសាឆក់ខ្សែភ្លើងកាលពីម្សិលម៉ិញផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print