ភ្នំពេញ, នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់ សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកស្រី ម៉ក់ ស៊ីថា លោក នុត ច័ន្ទសុខា លោក ចាយ បូរិន ដែលជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ រួមជាមួយលោក ប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុកតំបែរ បាននាំយកអង្ករចំនួន ១០តោន មី ១៥០កេស ត្រីខ ១៥០កេះ និងថវិកាចំនួន ១០ ០០០ ០០០រៀល មកប្រគល់ជូនលោក អភិបាលនៃគណអភិបាលស្រុកតំបែរ។
ទទួលបានអំណោយដ៏ថ្លៃថ្លានេះ លោកសុខ សារិទ្ធ អភិបាលនៃគណអភិបាលស្រុក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានក្រុមការងារ លោកស្រី លោកអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកតំបែរទាំងអស់ចំពោះកាយវិការ ដ៏ប្រពៃ គិតគូយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជីវភាពជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ស្រមពេលដែលស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងបន្ត។ លោកថានឹងនាំយកអំណោយនេះទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទាំង ៨កន្លែងនៅទូទាំងស្រុក សរុបចំនួន ១០៧ ក្នុងនោះមានស្រ្តី ៤៣នាក់ ឲ្យបានទាន់ពេល។ ក្នុងនាមអាជ្ញាធរស្រុក និងជាពិសេសបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក លោកអភិបាលស្រុកបាន វាយតម្លៃខ្ពស់ចំពោះកាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុក ធ្វើឲ្យបងប្អូនទូទាំងស្រុកមានក្តីរំភើប កក់ក្តៅ និងអំណរគុណចំពោះសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តម និងសហការីទាំងអស់ និងជូនពរឲ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះ និងទទួលយកនូវពុទ្ធិពរទាំង ៤ប្រការ។
មានមតិក្នុងពិធីប្រគល់ទទួលនេះ លោកក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ លោកបានថ្លែង អំណរគុណជូនចំពោះលោកប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួនក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលស្រុកតំបែរ កំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ហើយនេះគឺសបញ្ជាក់អំពីសិល្ប:នៃការចែករំលែក សណ្តានចិត្តនៃការរួមសុខ រួមទុក្ខក្នុងគ្រាលំបាក ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “ជួយគ្នាក្នុងគ្រាលំបាក”។ ក្នុងឱកាសនេះ ផងដែរ លោកបានស្នើសុំឲ្យលោកអភិបាលនៃគណអភិបាលស្រុក សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្ទីរពេទ្យបង្អែក លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។
យល់ពីស្ថានភាពដ៏លំបាកនាពេលនេះ លោកប្រធានក្រុមការងារបានជួយឧបត្តម្ភថវិកាដល់លោកអភិបាលស្រុក ២លានរៀលបន្ថែមទៀត មន្ទីរពេទ្យបង្អែកស្រុក ៣លានរៀល គណកម្មការបក្សស្រុក ២លានរៀល សម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ដើម្បីជួយសម្រាលនូវបញ្ហាជីវភាពរបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលទាំង ៨៕
ដោយ, សុខ ខេមរា