បញ្ជូនអ្នកកាសែតជិះម៉ូតូអត់ស្លាកលេខ មានជាតិអាល់កុល និងប្រមាថថ្នាក់ដឹកនាំកំពូលទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ និងជាប្រធានក្រុមផ្នែកយកព័ត៌​មាន របស់គេហទំព័រខ្មែរ អាយញូវ ត្រូវបានកម្លាំងនគរបាលនៅគោលដៅ ត្រួតពិនិត្យ​ចរាចរ​ណ៍​​​​តាមផ្លូវជាតិលេខ៤ត្រង់ បញ្ជរបង់ប្រាក់កំបូល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅ​យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦បន្ទាប់ពីរូបលោកនិងមិត្តភក្តិម្នាក់ទៀត ជិះម៉ូតូម៉ាក PCX ឌុបគ្នាមិនពាក់មួកសុវត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុល ០,៦៤មីល្លីក្រាម ក្នុងមួយលីត្រខ្យល់ ព្រមទាំងប្រមាថថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលថែមទៀត ។

​ក្នុងករណីនេះសមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែត នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ដើម្បីបង្ហាញ និងបញ្ជាក់ឲ្យដឹងពីកំហុស​ឆ្គងរបស់​លោក សាន្ត ប៊ុនធឿន ក្នុងការមិនគោរពច្បាប់ចរាចរណ៍ ជិះម៉ូតូអត់ស្លាកលេខ មានជាតិ​ស្រវឹង និង ប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាល ព្រមទាំងបាន​បញ្ជូនខ្លួន​ទៅសាលាដំបូងរាជធានីធ្វើការចោទប្រកាន់ផងដែរ ។

លោកវរសេនីយ៍ឯក ចេវ ហាក់ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងពេលធ្វើសន្និសីទថា «នៅយប់មិញនេះកម្លាំងរបស់យើង ដែលស្ថិតនៅតាមគោលដៅ ក្នុងរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកបើកបរដែលមានជាតិអាល់កុល ត្រូវច្បាប់បានកំណត់នោះ មានចំនួន៩នាក់ ក្នុងនោះអ្នកបើករថយន្ត២នាក់ និងម៉ូតូ៧នាក់។ នៅយប់មិញនេះដែរក៏មានឈ្មោះ សាន្ត ប៊ុនធឿន បានជិះម៉ូតូដឹកគ្នា២នាក់ អត់ពាក់មួកសុវត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុល»ត្រូវបានឃាត់ខ្លួនផងដែរ គ្រាដែលពួកគាត់មិនត្រឹមតែបើកម៉ូតូ មិនគោរពច្បាប់ចរាចរណ៍នោះទេ គឺថែមទាំងបានប្រើពាក្យ ប្រមាថថ្នាក់ដឹកនាំកំពូលៗ យ៉ាងអសីលធម៌ទៀតផង ។ដូច្នេះហើយទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនចាត់ការតាមច្បាប់ ។

លោកចេវ ហាក់ បញ្ជាក់ទៀតថា យើងជាពលរដ្ឋត្រូវតែគោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា បើធ្វើខុសត្រូវទទួលទោសតាមច្បាប់កំណត់ មិនត្រូវអាងខ្លួនជាអ្វីឬប្រមាថកាក​ទាន​ថ្នាក់​ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលដូចលោក សាន្ត ប៊ុនធឿនទេ ។ ដូច្នេះ​សមត្ថកិច្ចរបស់លោកត្រូវតែកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការជាកំហិត ហើយបើតុលាការសម្រេចបែបណានោះជាសិទ្ធរបស់តុលាការ ៕

image

image

image

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print