ខេត្តត្បូងឃ្មុំ: រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា, ដោយបានពិនិត្យឃើញថា នៅតាមបណ្តាញព័ត៌មានសង្គមហ្វេសបុក (Facebook) មានការ ផ្សព្វផ្សាយតៗគ្នា នូវរូបភាពដួលរលំដើមពោធិ០១ដើម ដែលមានខ្លឹមសារថា បន្ទាប់ពីមានភ្លៀង ធ្លាក់ចំនួន២មេធំៗជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៤ និង៣០នាទីរសៀល បានឱ្យដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលរលំហើយ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម រដ្ឋបាលខេត្ត បានចាត់តាំងឱ្យចុះ ទៅពិនិត្យដល់ទីតាំងផ្ទាល់ បានកត់សម្គាល់ឃើញថា ដើមពោធិដែលដួលរលំនោះ មិនមែនជា ដើមពោធិជើងខាល ប្រវត្តិស្នេហ៍ទុំនិងទាវនោះទេ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយ ព័ត៌មានទាំងនោះ។
សូមបញ្ជាក់ជូនថា ដើមពោធិដែលបានដួលរំលំខាងលើនេះ មានឈ្មោះថា ដើមពោធិ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ។ ហេតុដូចនេះ ទើបបណ្ដាលឱ្យសាធារណជនមានការភ័ន្តច្រឡំ។ ប៉ុន្តែទោះបីយ៉ាងនេះ រដ្ឋបាលខេត្ត សហការជាមួយមន្ត្រីជំនាញ នឹងរៀបចំដាំដើមពោធិនេះឡើងវិញ ស្រប តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាទទួលជ្រាបជាព័ត៌មាន៕
ដោយ, សុខ ខេមរា