អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Times of Inida (TOI) បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលឥណ្ឌានៅរសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរមូលដ្ឋានប្រទេសឥណ្ឌា នៅក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បានរកឃើញចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មី សរុប ៤១៤,៤៣៣នាក់ទៀត និងអ្នកជំងឺចំនួន ៣,៩២០នាក់បាត់បង់ជីវិត។
ទីភ្នាក់ងារសារព័ត៌មាន Times of Inida បាននិយាយថា នេះគឺជាចំនួនករណីឆ្លងថ្មីៗ ដែលត្រូវបានប្រកាសចេញនេះជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ជាក់ស្ដែងក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,៤៨៥,២៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២៣៤,០៧១នាក់ និងជាសះស្បើយឡើងវិញ ១៧.៦លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៦៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។
គួរជម្រាបថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 ដែលបាននិងកំពុងបោកបក់នោះ ប្រទេសឥណ្ឌាកន្លងមកនេះបានទទួលជំនួយពីបរទេស ជាពិសេសគឺអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យសរុបជាង ៣,០០០តោនរួចទៅហើយ។
ដោយឡែកបើតាមការចេញផ្សាយដោយ BBC កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែឧសភាម្សិលមិញនេះ សាធារណជននៅឥណ្ឌាមួយចំនួនបានរិះគន់ថា ជំនួយពីបរទេសភាគច្រើនបំផុត មិនបានទៅដល់ដៃអ្នក ដែលកំពុងត្រូវការជំនួយបំផុតនោះឡើយ។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Republic World បានចុះផ្សាយថា ប្រជាជនឥណ្ឌា រាប់ពាន់នាក់ដែលភាគច្រើនគឺជាស្ដ្រី បានប្រមូលផ្ដុំគ្នាដង្ហែក្បួននៅក្នុងពិធីសាសនាយ៉ាងធំមួយ ដើម្បីថ្វាយទឹកអម្រឹតទៅកាន់ប្រាសាទ Baliyadev នៅក្នុងក្រុង Sanand រដ្ឋ Gujarat របស់ប្រទេសឥណ្ឌា។ ចំពោះការប្រមូលផ្តុំដ៏ធំមួយនេះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាចារ្យម្នាក់នៅទីនោះបាននិយាយថា ជំងឺ COVID-19 នេះកើតឡើងដោយសារ «ព្រះមានការខឹងសម្បារ» នឹងមនុស្ស ដូច្នេះហើយទើបពួកគេធ្វើពិធីនេះឡើង ដើម្បីបន់ព្រះសុំឱ្យជំងឺ COVID-19 រលត់បាត់ទៅវិញ៕ដោយ៖ស តារា
រូបភាព៖Reuters