បុគ្គលឈ្មោះ ពេជ កុសល ត្រូវបានតុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន បានបណ្ដាលឲ្យមនុស្សចំនួន ៥នាក់ បានឆ្លងមេរោគកូវីដ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០នាក់ ត្រូវធ្វើចត្តាឡីស័ក

ចែករំលែក៖

ភ្នំពេញ, នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បានបញ្ជាក់ឲ្យដឹងថា, 🔴 ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់!
នៅពេលនេះ បុគ្គលឈ្មោះ ពេជ កុសល ត្រូវបានតុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ មិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក ដែលបណ្ដាលឲ្យមនុស្សចំនួន ៥នាក់ បានឆ្លងមេរោគកូវីដ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០នាក់ ត្រូវធ្វើចត្តាឡីស័ក។

យោងតាមការស្រាវជ្រាវ៖

✅​ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជួបមិត្តភក្ដិម្នាក់នៅអូរឫស្សី ដោយឈប់ម៉ូតូបើករបាំងមួកសុវត្ថិភាពនិយាយគ្នា។

✅​ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថាមិត្តភក្ដិដែលបានជួបខាងលើ វិជ្ជមានកូវីដ១៩ ក៏សម្រេចចិត្តទៅធ្វើតេស្ដនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានលទ្ធិផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។

✅​ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី២ នៅវិទ្យាល័យបឹងត្របែក ទទួលបានលិទ្ធផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។

✅​ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី៣ (មូលហេតុប្រពន្ធជាអ្នកលក់ខោអាវនៅផ្សារអូរឫស្សី) នៅវិទ្យាល័យបឹងត្របែក និងត្រូវធ្វើចត្តាឡីស័ក ដើម្បីរងចាំលទ្ធផលធ្វើតេស្ដរបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃ។

✅​ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ (បិទផ្សារអូរឫស្សី) ឈ្មោះ ពេជ កុសល និងប្រពន្ធ បានចាក់ចេញពីផ្ទះដែលជាកន្លែងធ្វើចត្តាឡីស័ក នៅម៉ោង១៣៖៣០នាទី ធ្វើដំណើរទៅដល់ផ្ទះម្ដាយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅម៉ោង ១៥៖៣០នាទី តាមរយៈម៉ូតូ។ ពេលទៅដល់ បានទៅបង់សំណាញ់ចាប់ត្រីជាមួយប្អូនប្រុស ២នាក់, ពេលល្ងាចទៅលេងបាល់ទះជាមួយអ្នកភូមិ ៨នាក់។

✅​ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១០៖៣០នាទី គ្រូពេទ្យបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលធ្វើតេស្ដ វិជ្ជមាន និងត្រូវយកទៅព្យាបាល តែសាម៉ីខ្លួនបែរជានៅខេត្តតាកែវទៅវិញ។

សកម្មភាពរបស់ ឈ្មោះ ពេជ កុសល គឺមានចេតនាមិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងបានចម្លងមេរោគកូវីដ១៩ ទៅមនុស្សចំនួន ៥នាក់ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០​នាក់​។
—————————————————

✅​ មាត្រា៩ នៃច្បាប់*៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។

✅​ មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យ**៖ បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀល។

*​ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

** អនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print