ភ្នំពេញ៖ បុរសម្នាក់បានសេពគ្រឿងញៀនច្រើនពេករហូតឈានដល់ទប់ស្មារតីខ្លួនឯងមិនបានក៏ដើរមកមុខក្រកសួងវប្បធម៌និង វិចិត្រសិល្បៈ រួចហើយបានយកដំបងដែកវាយទៅលើប្រអប់ដាក់សំបុត្របែកខ្ទេច និងដើរវាយគេឯងរហូតដល់សមត្ថកិច្ចដែលយាមនៅកន្លែងកើតហេតុចូលទៅធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួនបាន។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់ខាងលើនេះនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេដោយមានវ័យប្រហែលជាង៣០ឆ្នាំមិនដឹងដើរមកពីណានោះទេ ហើយពេលមកដល់មុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានស្រែកឡូឡាធ្វើឱ្យសមត្ថកិច្ចចូលទៅឃាត់ខ្លួនតែម្តង ប៉ុន្តែជាមួយគ្នានោះជនសង្ស័យក៏បានយកដំបងដែកវាយទៅលើប្រអប់ដាក់សំបុត្របែកខ្ទេចផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានហើយ សមត្ថកិច្ចបានទាក់ទងទៅខាងមន្ត្រីសង្គមកិច្ចឱ្យមកយកជនសង្ស័យបែកថ្នាំខាងលើយកទៅធ្វើការអប់រំនិងបន្សាបថ្នាំញៀនផងដែរ។
ក្នុងនោះនគរបាលខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនយុវតីទាំងឡាយសូមមេត្តាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់និងធ្វើឱ្យយើងបាត់បង់ស្មារតីលែងស្គាល់បងប្អូន ឪពុកម្តាយ ខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ៕
ដោយ ៖ ជីណា