ខេត្តបាត់ដំបង៖ ឃាតកចាក់សម្លាប់មិត្តស្រីជាអាណិកជនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ថំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពី
ចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី៧ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ដែលចាប់ខ្លួនមានឈ្មោះ ម៉ឺន វិមល ភេទប្រុស អាយុ ៣៤ ឆ្នាំ គ្មានមុខរបរ ពិតប្រាកដ ទីលំនៅភូមិស្នោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្មកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុច ភូមិ ឃុំ ខាងលើរួចរត់គេចខ្លួនដល់ស្រុកមោងឫស្សី។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់ទៅលើមិត្តស្រី ឈ្មោះ ចន្ថា ហ្គោរ៉េត (CHANTHA GORRET) អាយុ ៥៦ឆ្នាំ ជនជាតិស្វីស ដើមកំណើតខ្មែរ កាន់លិខិតឆ្លងដែន លេខ X១៨៥៧៩៩៨ មុខរបរ ចូលនិវត្តន៍ប្រាកដមែន។ស្រ្តីរងគ្រោះ បានមកជួលផ្ទះ នៅចំណុចកើតហេតុ ខាងលើ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។រីឯមូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះជាមិត្តស្រីដោយសារមិត្តស្រី រករឿងឈ្លោះ និងប្រច័ណ្ឌ ហើយនិយាយថា រឿងដែលជនរងគ្រោះ យកខ្លួនមកធ្វើជាប្តី សាច់ញាតិ មិនពេញចិត្ត ក្រៅពីនោះ ជនរងគ្រោះ ព្យាយាមរករឿងឈ្លោះរហូត ទើបខ្លួនទ្រាំលែងបាន។
ជាមួយនេះសមត្ថកិច្ចបានដកហូតម៉ូតូម៉ាកហុងដាឃ្លីក ១គ្រឿង និងទូរស័ព្ទ ១គ្រឿង ហើយបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី៧ ខែ ឧសភា នេះ៕