ភ្នំពេញ, សេចក្តីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា អះអាងថា៖ “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់ មិនអាចត្រូវប្រើប្រាស់ជាទឡឺករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានឡើយ”។
ទីក្រុងហ្សឺណែវ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមបដិសេធចោលទាំងស្រុងចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃ ទី០៧ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅកម្ពុជា។ ដោយសារការអត្ថាធិប្បាយរបស់ លោកស្រីសាស្ត្រាចារ្យមានព័ត៌មានមិនពិត និងបង្កឱ្យមានការភ័ន្តច្រឡំ ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជា សូមផ្តល់ជូននូវការសង្កេតមួយចំនួន ដូចតទៅ៖
ទី១៖ កម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការ នៅក្នុងព្រំដែននៃច្បាប់។ តែគួរឱ្យសោកស្តាយ លោកស្រីសាស្ត្រាចារ្យ ហាក់បែរជាតស៊ូមតិគាំទ្រ អង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។ បើទោះជាស្ថាបនិក នៃអង្គការនោះបានសម្រេចសុំលុបឈ្មោះចេញពីបញ្ជីដោយឯកឯងកាលពីឆ្នាំ២០១៧រួចហើយ ក៏ដោយ ក៏បុគ្គលដឹកនាំខុសច្បាប់មួយរូបនៃអង្គការនេះនៅតែបន្តកេងចំណេញ ប្រើប្រាស់ ចលនានេះដដែល រហូតដល់បច្ចុប្បន្ន។ នៅពេលថ្មីៗនេះ បុគ្គលនោះក៏បានថ្លែងសារភាពជា សាធារណៈថា របៀបវារៈនៃសកម្មភាពរបស់ខ្លួនគឺ “លើសពីហេតុផលបរិស្ថាន និងថា ត្រូវប្រើ ប្រាស់ “គ្រប់មធ្យោបាយទាំងអស់” ដើម្បីផ្លាស់ប្តូរការដឹកនាំរដ្ឋនៅកម្ពុជា។ ក្រុមដែលតាំងខ្លួន ជាអ្នកការពារសិទ្ធិ ពុំមានសិទ្ធិអាចបំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើស គឺជាបទ ល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់ជាទឡីករណ៍សម្រាប់បុព្វហេតុផ្សេង ណាមួយបានឡើយ។
ទី២៖ លោកស្រីសាស្ត្រាចារ្យ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុង កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ការខកខានថ្លែងបែបនេះរឹតតែ ជំរុញនិងផ្តល់កម្លាំងបន្ថែមឱ្យបុគ្គលកាន់តែល្មើសច្បាប់ផ្សព្វផ្សាយព័ត៌មានមិនពិត និង ញុះញង់ឱ្យមានអំពើហិង្សានិងការបែកបាក់ក្នុងសង្គម ដែលទាំងនេះសុទ្ធសឹងតែជាទង្វើរុញ ច្រានឱ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរ។
ទី៣៖ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី ដោយផ្អែកលើមូលដ្ឋាននីតិវិធីត្រឹមត្រូវ និងភស្តុតាង រឹងមាំជាក់ស្តែង ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមនោះឡើយ។ ការពិតដែលមេធាវីការពារជន ជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួម ដោយ ផ្ទាល់នៅក្នុងបន្ទប់សវនាការ សរបញ្ជាក់យ៉ាងច្បាស់ថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយ មានការចូលរួម និងតម្លាភាពត្រឹមត្រូវ។ ម៉្យាងទៀត ក៏មានឧទាហរណ៍ជាច្រើនអំពីការដាក់ ទោសទណ្ឌលើបុគ្គលគាំទ្រគណបក្សកាន់អំណាច ប្រសិនបើបំពានច្បាប់ នាពេលកន្លងមក ផងដែរ។
ទី៤៖ ពាក្យពេចន៍មិនសមរម្យរបស់លោកស្រីសាស្ត្រាចារ្យពាក់ព័ន្ធនឹងតុលាការកម្ពុជា គឺជាការ ជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ជាតិនៃរដ្ឋអធិបតេយ្យមួយ។ ការទាមទារតាមទំនើងចិត្តឱ្យ រដ្ឋាភិបាលដោះលែងបុគ្គលណាម្នាក់ គឺមានន័យស្មើនឹងការវាយប្រហារទៅលើប្រព័ន្ធបែងចែក អំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ទី៥៖ អ្នករាយការណ៍ពិសេសមានកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រម ប្រតិបត្តិ” និង”សៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេសៗ ដែលគូស បញ្ជាក់អំពីសារៈសំខាន់នៃការចងក្រងព័ត៌មានដែលពិតនិងបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងគោរព បទប្បញ្ញត្តិក្នុងស្រុកនិងធម្មនុញ្ញអង្គការសហប្រជាជាតិ មានតែការអនុវត្តប្រកបដោយការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចឱ្យរដ្ឋទាំងអស់ជារួម និងប្រទេសកម្ពុជា ដោយឡែក បន្តរក្សានូវទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ
ជាមួយអ្នករាយការណ៍ពិសេស។
ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុង ក្របខណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់ មិនមែនសម្រាប់ ក្រុមជាក់លាក់ណាមួយឡើយ៕
ដោយ, សុខ ខេមរា