យ៉ាងហោចណាស់ក៏មានមនុស្ស ១៧៨នាក់ ដែលជាបាតុករប៉ាឡេស្ទីនរងរបួស ក្រោយប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសអុីស្រាអែលនៅព្រះវិហារ Al Aqsa និងតំបន់ជាច្រើនទៀតនៅ ជេរ៉ូសាឡឹម ។ ក្រៅពីនេះក៏មានប៉ូលិសអុីស្រាអែល៦នាក់រងរបួសផងដែរ។
តាមសារព័ត៌មាន Aljazeera បានផ្សាយថា ការប៉ះទង្គិចគ្នារវាង ជនជាតិប៉ាឡេស្ទីន និងប៉ូលិសអុីស្រាអែលកើតឡើងក្រោយពេល ក្រុមបាតុករប៉ាឡេស្ទីន បានគប់ដុំថ្ម ដបទឹក បាញ់កាំជ្រួច ទៅលើកម្លាំងប៉ូលិសអុីស្រាអែល ជាដើមហេតុបង្ខំឲ្យកម្លាំងប៉ូលិស ត្រូវប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូវាយបាញ់ទៅលើក្រុមបាតុករ។
កម្លាំងប៉ូលិសអុីស្រាអែលបានបញ្ជាក់ថា នឹងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ ក្រោយពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់បង្កហិង្សា បន្ទាប់ពីពិធីសូត្រធម៌ ពេលយប់នៅព្រះវិហាអុីស្លាម ក្នុងខែរ៉ាម៉ាដាន់។
អង្គការអភិច័ន្ទក្រហម ប៉ាឡេស្ទីន បានឲ្យដឹងថា ត្រូវបង្កើតមន្ទីរពេទ្យបណ្តោះអាសន្ននៅតំបន់ ជិតទីតាំងប៉ះទង្គិចគ្នា ដើម្បីជួយសង្គ្រោះអ្នករងរបួសទាន់ពេលវេលា ខណៈមន្ទីរពេទ្យក្នុងតំបន់ពេញណែនដោយអ្នករងរបួស។
នៅតំបន់ភាគខាងលិចជេរ៉ូសាលឹម មានជនជាតិប៉ាឡេស្ទីន២,៦លាននាក់រស់នៅ ហើយប្រទេសប៉ាឡេស្ទីន ចាត់ទុកថាជាទឹកដីរបស់ខ្លួន។ តំបន់នេះត្រូវបានអុីស្រាអែល ដណ្តើមគ្រប់គ្រងនៅក្នុងឆ្នាំ ១៩៦៧ ហើយបញ្ជូនជនជាតិជ្វីហ្វទៅរស់នៅទីនោះ ៕ ដោយ៖ធីរីណា
https://youtu.be/u_t0TBef0dA