ខេត្តកំពង់ឆ្នាំង : យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ បានអញ្ជើញក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ ខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់បងប្អូនប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់ ព្យុះ មាន ចំនួនសរុប ២៤៥ គ្រួសារ រស់នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមាន ឃុំចំនួន ១០ របស់ស្រុកកំពង់ត្រឡាច ឃុំ ចំនួន ០៨ នៃស្រុករលាប្អៀរ ឃុំចំនួន ០៨នៃស្រុកសាមគ្គីមានជ័យ និង ឃុំចំនួន០២ ក្រោមឳវាទ ស្រុកជលគិរី។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ នៅស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានភ្លៀងធ្លាក់ និងខ្យល់ កន្ត្រាក់ជាខ្លាំង បានបោកបក់ទៅលើលំនៅដ្ឋានរបស់បងប្អូនប្រជារាស្ត្រ បណ្តាលឲ្យរលំផ្ទះទាំងស្រុង របើកជញ្ជាំង និងដំបូលផ្ទះ ចំនួន ២៤៥ គ្រួសារ មាន ២៨ឃុំ ស្មើ៩៤ភូមិ សរុបចំនួន ២៤៥ខ្នងផ្ទះ រួមមាន៖
1. ស្រុកកំពង់ត្រឡាច មាន១០ឃុំ ៣១ភូមិ ចំនួន ៦៩ខ្នងផ្ទះ រលំផ្ទះទាំងស្រុក ០៩ ខ្នង និងរបួសមនុស្ស១នាក់
2. ស្រុករលាប្អៀ មាន ០៨ឃុំ ៣៥ភូមិ ចំនួន ៧៩ ខ្នងផ្ទះ រលំផ្ទះទាំងស្រុក ០៣ខ្នង
3. ស្រុកសាមគ្គីមានជ័យ មាន ០៨ឃុំ ២៤ភូមិ ចំនួន ៨៨ ខ្នងផ្ទះ រលំផ្ទះទាំងស្រុក ០៥ខ្នងនិងងាប់គោ ១ក្បាល
4. ស្រុកជលគិរី មាន ០២ឃុំ ០៤ភូមិ ចំនួន ០៩ ខ្នងផ្ទះ
ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងព្រះបរម រាជវាំង បានចែកជូនដល់បងប្អូនប្រជារាស្ត្រក្រីក្រ ទទួលរងគ្រោះដោយខ្យល់ព្យុះមាន ចំនួនសរុប ២៤៥ គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ចំនួន១បាវ ស្មើនឹង៥០គ.ក្រ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះ មាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស ស្មើនឹង៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា ចំនួន៨០០ពាន់រៀល សម្រាប់ប្រជារាស្ត្ររងគ្រោះរលំផ្ទះចំនួន១៧ខ្នង គ្រួសារមានមនុស្សរបួស ១នាក់ និងគ្រួសារមានគោងាប់ ១ក្បាល និងថវិកាចំនួន៤០០ ពាន់រៀល សម្រាប់ប្រជារាស្ត្ររងគ្រោះដោយរបើកជញ្ជាំង និងដំបូលផ្ទះ ចំនួន ២២៨ខ្នង៕
ប្រភព : ទទក