អ្នកកវី​មី​យ៉ាន់​ម៉ា​ម្នាក់​ស្លាប់​ ក្រោយ​​ប្រឆាំង​នឹង​របប​សឹក​យោធា​ ត្រូវ​ចាប់​ឃុំ​ខ្លួន​;​ រីឯ​សាកសព​ត្រូវបាន​វះ​យក​គ្រឿង​ក្នុង​ចេញអស់

ចែករំលែក៖

អន្តរជាតិ​៖ អ្នកកវី​ របស់​មី​យ៉ាន់​ម៉ា​ម្នាក់​ គឺលោក ខេ​ត ធី ដែល​ជាអ្នកមានស្នាដៃ​ បន្ទាប់​ពី​លោក​បាន​ប្រកាស​ប្រឆាំង​នឹង​របប​សឹកយោធា​ ដែល​កំពុងកាន់​អំណាច​នោះ ក៏ត្រូវ​បានចាប់ឃុំខ្លួនតែមួយយប់ប៉ុណ្ណោះ​ ត្រូវ​ស្លាប់​ក្នុងការ​ឃុំឃាំង​។ ចំណែក​សាកសព​របស់លោក​វិញ​ ក្រោយ​យក​ប្រគល់​ឱ្យ​សាច់ញាតិ​ស្រាប់​តែ​បាត់​ទាំងគ្រឿងក្នុង​អស់​ ព្រោះ​គេបានវះចេញ។​ នេះបើ​យោង​តាម​ការបង្ហោះហ្វេសប៊ុកក្រុមគ្រួ​សារ​របស់​លោក​ បានបញ្ជាក់កាលពី​ថ្ងៃអាទិត្យ​ទី​៩ ខែឧសភា​ ម្សិលមិញនេះ​។

​ចំណែក​ជុំវិញករណីនេះដែរ​ អ្នកនាំពាក្យ​របប​សឹកយោធាមីយ៉ាន់ម៉ា​ ​មិន​បាន​ឆ្លើយតប​សំណើ​សុំ​ការបំភ្លឺ​អំពី​ការស្លាប់​របស់​លោក​ខេ​ត ធី ដែល​បាន​សរសេរ​មួយ​ឃ្លា​ថា “​ពួក​គេ​បាញ់​តម្រង់​ចំក្បាល​ប៉ុន្តែ​ពួកគេ​មិនដឹង​ថា​បដិវត្តន៍​កើតចេញ​ពី​បេះ​ដូង​​នោះទេ​”​។​

​ជាក់ស្ដែង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ភរិយា​លោក​ខេ​ត ធី​ បាន​និយាយថា​ គាត់​ឈ្មោះ ឆា​វ ស៊ូ​ មាន​អាយុ ៤៥ ឆ្នាំ​ ហើយ​គាត់ទាំង​ពីរ​នាក់​ត្រូវបាន​ទាហាន​និង​ប៉ូលីស​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​ឧសភា​ ​នៅ​កណ្តាល​ក្រុង​ស្វេ​បូ​ក្នុង​តំបន់​សា​ង៉ាង​ដែលជា​ចំណុច​ស្នូល​នៃ​ការតស៊ូ​ប្រឆាំង​នឹង​រដ្ឋ​​ប្រហារ​ដែល​បណ្តេញ​មេដឹកនាំ​អ៊ុង​សាន ស៊ូ​ជី​។​

​បន្ថែមពីនេះ​ ភរិយា​របស់​អ្នកកវីរូបនេះ​ បានប្រាប់​សារព័ត៌មាន BBC​ ជា​ភាសា​អង់គ្លេស​ទាំង​ទឹកភ្នែក​ពី​ក្រុង​ម៉ូ​នី​វ៉ា ថា “​ខ្ញុំ​ត្រូវ​គេ​សួរចម្លើយ​។ គាត់​ក៏​គេ​សួរ​ចម្លើយ​ដែរ​។​ពួកគេ​និយាយថា​គាត់​ស្ថិតនៅ​មជ្ឈមណ្ឌល​សួរ​ចម្លើយ​។ ប៉ុន្ដែ​គាត់​មិន​បាន​ត្រឡប់​មក​វិញ​ទេ គឺមាន​តែ​សាកសព​របស់គាត់​ប៉ុណ្ណោះ​”​។​

​លោកស្រី​ឆា​វ ស៊ូ បន្ត​ថា “​ពួកគេ​បាន​ទូរស័ព្ទ​មក​ខ្ញុំ​នៅ​ពេល​ព្រឹក​ហើយ​ប្រាប់​ខ្ញុំ​ឱ្យ​ទៅ​ជួប​គាត់​នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ម៉ូ​នី​វ៉ា​។ ខ្ញុំ​គិតថា​វា​គ្រាន់តែ​ជាការ​បាក់ដៃ​ឬ​អ្វី​មួយ​ប៉ុណ្ណោះ​…​ប៉ុន្តែ​នៅពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ គាត់​នៅ​កន្លែង​ដាក់​សព​ហើយ​សរីរាង្គ​ខាងក្នុង​របស់គាត់​ត្រូវបាន​វះ​យក​អស់រលីង​”​។​ លោកស្រី បន្ថែម​ទៀត​ថា​ ​គេ​ប្រាប់​គាត់​នៅ​មន្ទីរពេទ្យ​ថា ប្តី​គាត់​មាន​បញ្ហា​បេះដូង ប៉ុន្តែ​មិន​ខ្វល់​ពី​ការអាន​លិខិត​មរណភាព​នោះទេ ព្រោះ​គាត់​ដឹង​ច្បាស់​ណាស់​ថា​វា​មិនមែន​ជា​ការពិត​។​

​លេីសពីនេះ​​ ភរិយា​របស់​អ្នកកវីរូបនេះ​ បាន​សង្កត់ធ្តន់ថា កងទ័ព​បានគ្រោង​នឹង​បញ្ចុះសព​ប្តី​គាត់​ទៅ​ហើយ​ប៉ុន្តែ​ថា​លោកស្រី​បាន​អង្វរ​ពួក​គេ​សុំ​យក​សាកសព​។​លោកស្រី​មិន​ត្រូវបាន​និយាយ​ប្រាប់​ថា​ហេតុអ្វី​បានជា​សរីរាង្គ​របស់​ប្តី​​គាត់​ត្រូវបាន​គេ​វះ​យក​នោះ​ទេ​៕ដោយ៖ស​ តារា​

...

រូបភាព​៖​ ឯកសារ​ កវី​មីយ៉ាន់ម៉ា​ លោក​ ខេត​ ធី​ និងប្រជាជនមីយ៉ាន់ម៉ា​ ធ្វើ​ការ​តវ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print