ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ជិះម៉ូតូដឹកនាំការឃោសនាបោះឆ្នោត កាលពីថ្ងៃទី៩ខែឧសភា ដោយលោកមិនបានពាក់ម៉ាស់ការពារនោះឡើយ ហើយលោកបានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន ដោយសារតែចំនួនអ្នកឆ្លងកូវីដ-១៩ និងស្លាប់បន្តកើនឡើងខ្ពស់ក្នុងប្រទេសនេះ។
សារព័ត៌មាន Channel News Asia បានផ្សាយថា ប្រធានាធិបតី Bolsonaro ទទួលបានការការពារយ៉ាងតឹងតែងបំផុតពីកងកម្លាំងសន្តិសុខ ។ ប្រធានាធិបតីជិះម៉ូតូនាំមុខឃោសនារយៈពេលមួយម៉ោងនៅជុំវិញទីក្រុងក្នុងឱកាសនៃទិវាអ្នកម្តាយពិភពលោក។
ប្រធានាធិបតី Bolsonaro បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រថា «យើងជួបបញ្ហាជាច្រើនកាលពីឆ្នាំកន្លងមក ដែលជាហេតុការណ៍មិនមានអ្នកណាចង់ឲ្យកើតឡើងនោះឡើយ គឺជំងឺឆ្លងកូវីដ-១៩ ។ ប៉ុន្តែនៅពេលនេះ យើងកំពុងតែយកឈ្នះបណ្តើរៗហើយ»។
សកម្មភាពឃោសនាបោះឆ្នោត របស់ប្រធានាធិបតី Bolsonaro ដោយមានការថតរូប និងចាប់ដៃជាមួយក្រុមអ្នកគាំទ្រដោយមិនពាក់ម៉ាស់ឡើយ បើទោះបីនៅមានករណីឆ្លងកូវីដ-១៩ នៅមានច្រើនក្តី ។
គិតមកដល់ថ្ងៃទី ៩ខែឧសភា ប្រេស៊ីល មានករណីឆ្លងកូវីដ-១៩ សរុបជាង ១៥លាននាក់ និងស្លាប់ ៤២០ពាន់នាក់។ ក្រុមអ្នកជំនាញបានព្រមានថា ការដែលប្រធានាធិបតី Bolsonaro បន្ធូរបន្ថយការរឹតត្បិតទប់ស្កាត់កូវីដ-១៩ អាចនឹងបង្កឱ្យការឆ្លងរាលដាលជាថ្មីកើនឡើងក្នុងប្រទេសនេះ៕ ដោយ សាធី
រូបភាព៖ Reuters