ខេត្តមណ្ឌលគិរី : អង្គភាពមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា, អ្នកធ្លាប់ជួបប្រទះឬឮឈ្មោះទេប្រភេទដើមឈើរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថាដើម”ភ្លៅនាង”ដែលមានដុះនៅក្នុងព្រៃតំបន់អភិរក្សលំផាត់សិ្ថតក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។ ៉ភ្លៅនាង៉ ទាក់ទាញចំណាប់អារម្មណ៍មន្ត្រីឧទ្យាននុរក្សដែលចេញ-ចូលជួបប្រទះនៅក្នុងព្រៃនៃតំបន់ដែលពួកគេធ្វើការ។
ដើម “ភ្លៅនាង ៉ រលោងស្រិលដែលមានកម្ពស់ខ្លះរហូតដល់២០ម៉ែត្រនឹងដុះរាយប៉ាយនៅក្នុងតំបន់លំផាត់ដែលកន្លែងខ្លះមានដុះផ្ដុំគ្នាប្រហែល១០ទៅ២០ដើម និងកន្លែងខ្លះមានរហូតដល់៥០ដើម ។ វាជាប្រភេទដើមឈើដែលដុះនៅក្នុងព្រៃហើយទាក់ទាញការចាប់អារម្មណ៍ពីភ្នែកមនុស្សត្រង់ថា វាជាប្រភេទដើមឈើខ្ពស់ស្រឡូនរលោងល្អប្រៀបដូចជាសាច់ឬភ្លៅមនុស្សយ៉ាងដូច្នោះដែរ ។ ៉ភ្លៅនាង មិនមែនជាឈ្មោះហៅតៗគ្នានៃក្រុមមន្ត្រីឧទ្យានុរក្សដែលប្រទះឃើញដើមឈើមួយប្រភេទនេះនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់នោះទេ។ នៅក្នុងភាសាបច្ចេកទេសក៏មានសំគាល់ដើមភ្លៅនាងនេះដែរ ហើយនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត ក៏បានកំណត់ឬសម្គាល់ដើមភ្លៅនាងនេះថាជារុក្ខជាតិមួយប្រភេទផងដែរ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដើមភ្លៅនាងជាប្រភេទរុក្ខជាតិក្នុងព្រៃដែលពើបប្រទះឃើញនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ស្ថិតនៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។ ប្រភេទឈើនេះមានដុះដោយដុំដោយកន្លែងនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ដែលកន្លែងខ្លះមានប្រហែល២០ឬ ៣០ ដើមនិងកន្លែងខ្លះអាចមានដល់៥០ដើម ។ លោកប្រធានមន្ទីរបានបន្ថែមថា ដើមឈើនេះវាទាក់ទាញអារម្មណ៍យើងត្រង់ថា វារលូននិងស្រឡូនល្អប្រៀបដូចជាភ្លៅមនុស្ស ។
លោកប្រធានមន្ទីរបានបន្ថែមថា នៅពេលដែលយើងធ្វើដំណើរបានមកដល់ឬជួបដើមភ្លៅនាងធ្វើឲ្យអារម្មណ៍យើងហាក់សប្បាយរីករាយនិងបាត់ភាពនឿយហត់បានមួយចំណែកផងដែរ។ ម្នាក់ៗតែងតែថតរូបដើមភ្លៅនាងដើម្បីយកទៅបង្ហាញឱ្យអ្នកផងបានស្គាល់ឬក៏យកទៅចែករំលែកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។ លោកប្រធានមន្ទីរបន្ថែមថា មនុស្សជាច្រើនចង់ឃើញដោយផ្ទាល់អំពីដើមភ្លៅនាងនេះ។
តំបន់អភិរក្សលំផាត់សំបូរទៅដោយធនធានធម្មជាតិនិងរុក្ខជាតិច្រើនប្រភេទ ។ បច្ចុប្បន្ននេះកំពុងត្រូវបានគាំពារនិងថែរក្សាដោយមន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។ លោកកែវ សុភគ៌ ដែលតែងតែចំណាយពេលវេលានៅជាមួយធម្មជាតិនៃតំបន់ការពារលំផាត់បាននិយាយថា ដើមភ្លៅនាងទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅនៅពេលដែលឃើញសម្រស់របស់វា។ លោកថា ៉ រលោងស្អាត,ស្រឡូនដូចភ្លៅនាង ៉។
ស្ថិតនៅក្នុងតំបន់អភិរក្សលំផាត់នោះដើមភ្លៅនាងមិនច្រើនពេកទេ ។ យ៉ាងណាក៏ដោយក្រុមមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថានឹងថែរក្សាគាំពារដើមភ្លៅនាងនេះឱ្យមាននិរន្តរភាពដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋខ្មែរបានឃើញនៅពេលអនាគតពោលគឺហើយរំពឹងថាដើមភ្លៅនាងមិនផុតពូជនោះឡើយ៕
ដោយ, សិលា