ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នក ជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២៧នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៧នាក់ គឺជាអាជីវករ និង ក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកពាក់ព័ន្ធ ដូចមានរាយនាមតាមតារាងដូចខាងក្រោម។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧ មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវតាម បទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដង ក្នុង
មួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬ
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទ 012794 896 ឬ 016 526 520។ អាស្រ័យដូចបានរើម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាប និងចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា