ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនលោក សាន្ត ប៊ុនធឿន អ្នកកាសែតក្នុងស្រុកម្នាក់ដែលជិះម៉ូតូ អត់ស្លាកលេខ មិនពាក់មួកសុវត្ថិភាពស្រវឹងមានជាតិអាល់កុលហួសកម្រិត ព្រមទាំងប្រមាថថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលទៅសាលាដំបូងរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ លោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឲ្យលោកសាន្តប៊ុនធឿនមានសេរីភាពវិញហើយ ។ ប៉ុន្តែមិនមែនមានន័យថា លោកសាន្ត ប៊ុនធឿន រួចផុតពីបទល្មើសនោះទេគឺត្រូវចូលខ្លួនទៅតុលាការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះដើម្បីជំនុំជម្រះពាក់ព័ន្ធនឹងបទល្មើសបើកបរមានជាតិស្រវឹងមានកម្រិតអាល់កុលខ្ពស់ដល់ទៅ ០,៦៤ មួយមិល្លិលីត្រខ្យល់ឯណោះ។
លោក សាន្ត ប៊ុនធឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអស់រយៈពេល២ថ្ងៃគឺតាំងពីយប់ថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យក្នុងករណីដែលលោកជិះម៉ូតូអត់ស្លាកលេខ មិនពាក់មួកសុវត្ថិភាព ស្រវឹងមានជាតិអាល់កុលហួសកម្រិតព្រមទាំងប្រមាថ ថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល ហើយការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីលោកបានសារភាពកំហុសឆ្គងនិងបានតម្កល់ប្រាក់ចំនួន៤លានរៀលនៅតុលាការផងដែរ ៕ ប្រាថ្នា