ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ សាលារាជធានីភ្នំពេញនឹងចាប់ផ្តើមដំឡើងភ្លើងស្តុបថ្មីចំនួន១០ទីតាំងបន្ថែមទៀត ក្នុងចំណោមភ្លើងស្តុបថ្មីសរុបទាំងអស់១០០ទីតាំង។ នេះបើតាមការឱ្យដឹងពីលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមីនា នៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់នានាលើគម្រោងនេះនៅសាលារាជធានីភ្នំពេញ។
ពាក់ព័ន្ធបញ្ហានេះ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រជុំពីការដោះស្រាយផលប៉ះពាល់គម្រោងដំឡើងភ្លើងស្តុបចំនួន១០០កន្លែង ជាមួយតំណាងអគ្គិសនី រដ្ឋាករទឹក ប្រៃសណីយ៍ និងក្រុមហ៊ុនខ្សែកាប។