ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា បើទោះជានៅក្នុងរាជធានីភ្នំពេញ ក៏ដូចក្នុងខណ្ឌព្រែកព្នៅ បានបង្រួមតំបន់ក្រហម និងតំបន់លឿងទុំក៏ដោយក៏យើងទាំងអស់គ្នាមិនត្រូវបន្ធូរដៃដែរក្នុងការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យរាលដាលបន្តទៀតនោះ។
លោកប្រធានគណបញ្ជាឯកភាពខណ្ឌបានបន្តថា កម្លាំងយើងទាំងខណ្ឌ និងសង្កាត់ត្រូវធ្វើការល្បាតក្នុងមូលដ្ឋាន ហាមជួបជុំ និងណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ហាមលក់គ្រឿងស្រវឹង តាមបណ្តាហាងផឹកស៊ី ព្រោះមិនទាន់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចមុននៅឡើយនោះទេ តែបើជាការវេចខ្ចប់អាចលក់បាន ហើយក្នុងការគោចរគឺយើងបិទចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺដដែល។
លោកបញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមមូលដ្ឋានសង្កាត់ទាំង៥ត្រូវធ្វើឲ្យបានលឿន និងឆាប់រហ័សព្រោះម៉ាស៊ីនសម្រាប់បាញ់ខណ្ឌបានប្រគល់ឲ្យសង្កាត់រួចរាល់ហើយដែរ គឺយើងប្រឹងប្រែងរួមគ្នា ដើម្បីមូលដ្ឋានខណ្ឌ និងសង្គមជាតិរបស់យើងឲ្យឆាប់ផុតរលត់ពីជំងឺកូវីដដ៏កាចសាហាវនេះ។ តែបើទោះជាយ៉ាងនេះក្តីកម្លាំងរបស់យើងក៏មិនត្រូវភ្លេចនូវការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានផងដែរ។
បន្ទាប់ពីកិច្ចប្រជុំនេះលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ បានបន្តឧបត្ថម្ភម៉ាស់ជូនដល់សង្កាត់ទាំង៥ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះរួមមាន ទី១.សង្កាត់ព្រែកព្នៅ ចំនួន៦០០០ម៉ាស់ ទី២.សង្កាត់សំរោង ចំនួន៦០០០ម៉ាស់ ទី៣.សង្កាត់ពញាពន់ ចំនួន៦០០០ម៉ាស់ ទី៤.សង្កាត់ពន្សាំង ចំនួន៦០០០ម៉ាស់ និងទី៥.សង្កាត់គោករកា ចំនួន៦០០០ម៉ាស់ ហើយអង្ករចំនួន១០០បេក្នុងមួយសង្កាត់ៗផងដែរ៕
ដោយ៖ ព្រែកសំរោង