ខេត្តបាត់ដំបង៖ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទចំនួន ៤នាក់ ពីបទជួញដូរគ្រឿងញៀន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
គួររម្លឹកថា បេីយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ រួមមាន៖ ១-ឈ្មោះ ហុក សុខហាក់ ភេទប្រុស អាយុ ៤២ ឆ្នាំមានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល។ ២-ឈ្មោះផាត់ អូនហៅញ៉ាញ់ ភេទប្រុសអា យុ៣១ ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ។ ៣-ឈ្មោះ និន សារ៉ាត់ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល។ និង៤-ឈ្មោះ ឡុង វណ្ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។
អធិការនគរបាលស្រុករូបនេះ បន្តថា ជនសង្ស័យទាំង៤នាក់ខាងលេីនេះ ត្រូវកម្លាំងអធិការស្រុករតនមណ្ឌល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំផ្លូវមាស ចាប់ខ្លួនបាននៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជាក់ស្តែងវត្ថុតាងដែលចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE) ចំនួន៧ថង់ និងទុយោជ័រ១កំណាត់ទម្ងន់១៦,៩៣ក្រាម, ទូរស័ព្ទដៃចំនួន២គ្រឿង, ប្រាក់រៀលចំនួន ៣៥០.៥០០រៀល, ម៉ូតូចំនួន១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ដោយឡែកបេីតាមការបញ្ជាក់ពីលោកវរេសនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក៏បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ ខែឧសភានេះដែរថា បច្ចុប្បន្នជនជាប់ចោទទាំង៤នាក់នេះ ត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕ដោយ៖សហការី