កម្លាំងទាហានអុីស្រាអែល IDF នៅថ្ងៃទី១៤ខែឧសភា បានបញ្ជូនយន្តហោះដល់ទៅ ១៦០ គ្រឿងទៅវាយប្រហារលើទីតាំងនានារបស់ក្រុមទាហានហាម៉ាស់។ យន្តហោះចម្បាំងទាំងនោះបានវាយប្រហារដោយមីស៊ីលដល់ទៅ៤៥០គ្រាប់លើគោលដៅនៅហ្គាហ្សា។
កម្លាំងទាហានអុីស្រាអែលបានប្រកាសថា ក្រុមយន្តហោះចម្បាំង១៦០គ្រឿង បានប្រើប្រាស់រយៈពេល៤០នាទីក្នុងការវាយប្រហារទីតាំងនៅភាគខាងជើងហ្គាហ្សា។ ចំណែកកម្លាំងទាហានថ្មើរជើង មានរថក្រោះរថពាសដែក បានវាយប្រហារទីក្រុង Beit Hanoun នៅជាប់ព្រំដែនភាគខាងជើងហ្គាហ្សា។
ប្រភពព័ត៌មានពីកម្លាំងទាហានក្រុមហាម៉ាស់បានឲ្យដឹងថា មានទាហានប្រមាណ២០០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមដែនអាកាសពីអុីស្រាអែល។ ក្រុមហាម៉ាស់ ក៏បានវាយប្រហារដោយរ៉ុក្កែតដល់ទៅ១៧៥០ គ្រាប់ទៅលើទឹកដីអុីស្រាអែល។
កម្លាំងទាហានហាម៉ាស់ ក៏បានវាយប្រហារបំផ្លាញរោងចក្រគីមីរបស់អុីស្រាអែល នៅថ្ងៃទី១៤ខែឧសភា ហើយការវាយប្រហារនោះប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ kamikaze ផលិតដោយប្រទេសអុីរ៉ង់។
ការវាយប្រហារគ្នារវាង ក្រុមឧទ្ទាមហាម៉ាស់និឹងទាហានអុីស្រាអែលឈានចូលថ្ងៃទី៥ហើយ ដោយមានអ្នកស្លាប់និងរបួសកើនឡើងខ្ពស់។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលហ្គាហ្សា បានឲ្យដឹងថា មានពលរដ្ឋ១១៩នាក់ស្លាប់ ក្នុងនោះមានកុមារ៣១នាក់ និងស្ត្រី១៩ នាក់ ក្រៅពីនេះក៏មានអ្នករងរបួសកើនឡើងដល់ ៨៣០នាក់ហើយ៕
រូបភាព៖ AFP