ខេត្តត្បូងឃ្មុំ៖ ឈ្មួញតូចឈ្មួញធំដឹកឈើតាមរថយន្តសាំយ៉ុងខុសច្បាប់ចាប់ផ្តើមសំរុកដឹកឈើទាំងយប់ទាំងថ្ងៃចេញពីខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ ឡើងវិញហើយ ខណៈសមត្ថកិច្ចពាក់ព័ន្ធជាច្រើនតាមដងផ្លូវហាក់មិនមានវិធានការទប់ស្កាត់ ឬបង្ក្រាបឡើយ។
ជាមួយភាពប្រងើយកន្តើយរបស់សម្មតកិច្ចពាក់ព័ន្ធក្នុងការមិនបង្រ្កាបនេះ ត្រូវបានគេដាក់ការសង្ស័យថា ពួកឈ្មួញឈើទាំងនោះបានបង់ប្រាក់ឱ្យគ្រប់ជំនួនតាមជំនាញនៅដងផ្លូវអស់ទៅហើយ បើមិនបង់ទេរថយន្តពួកឈ្មួញមិនអាចវិលកង់បាននោះទេ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវក្នុងភូមិសាស្ត្រ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឳ្យដឹងថា ការដឹកជញ្ជូនឈើបានស្ងប់មួយរយៈនៅពេលដែលរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបានប្រកាសបិតការធ្វើចរាចរណ៍ពីខេត្តមួយទៅខេត្តមួយ។ តែបន្ទាប់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តប្រកាសបើកឳ្យធ្វើចរាចរណ៍ឡើងវិញ ការដឹកជញ្ជូនឈើខុសច្បាប់ក៏ចាប់ផ្តើមកើតមានទាំងយប់ទាំងថ្ងៃដែរ ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា បើមើលទៅសកម្មភាពដឹកជញ្ជូនឈើគឺ ងាយបង្ករគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះពួកគេបើកបរក្នុងល្បឿនយ៉ាងលឿន និងវ៉ាជែងពេញដងផ្លូវ។
ក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើចូលមកចែកចាយក្នុងខេត្តត្បូងឃ្មុំ ឆ្លងកាត់បន្តទៅចែកចាយខេត្តផ្សេងៗ ពិសេសខេត្តព្រៃវែង ហើយសកម្មភាពនេះមិនមែនទើបតែកើតមាននោះទេ ពោលគឺកើតមានជាយូមកហើយ ដោយមានការបង្ក្រាបជាបន្តបន្ទាប់ពីសំណាក់សមត្ថកិច្ច ទាំងទ្រង់ទ្រាយតូចៗ និងទ្រង់ទ្រាយធំ ប៉ុន្តែទោះបីមានការបង្ក្រាបក៏ដោយ ក៏នៅមានមន្ត្រីខិលខូចមួយចំនួននៅតែលួចរួមគំនិតជាមួយក្រុមឈ្មួញទុច្ចរិត ប្រព្រឹត្តិបទល្មើសដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃដដែល ។
ពាក់ព័ន្ធនិងករណីនេះភ្ងាក់ងារសុំការបំភ្លឺទៅ លោក បែន បុល្លីណា នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ តាមប្រពន្ធ័ទំនាក់ទំនងតេឡេក្រាមលោកមិនចូលមើលនិងឆ្លើយតបទេនិងខលទូរសព្ទក៏មិនមានអ្នកទទួលនោះដែរ ។
តាមប្រព័ន្ធសារទំនាក់ទំនងតេឡេក្រាម ជុំវិញករណីខាងលើនេះ ភ្នាក់ងារយើងបានសុំការបកស្រាយទៅ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ នូវសំណួរថា ” ជំរាបសួរលោកប្រធាន! ខ្ញុំបាទ ឈ្មោះវណ្ណៈ មកពីសារព័ត៌មាន នគរវត្តនិងនគរដ្រាហ្កន(អាប់)ប្រចាំខេត្តត្បូងឃ្មុំ, ខ្ញុំបាទចង់ជំរាបសួរលោកប្រធានតើលោកមានដឹងថា ឥឡូវនេះបទល្មើសដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តមកពីក្រចេះចូលត្បូងឃ្មុំតាមផ្លូវជាតិលេខ៧ទេ ? ហើយតើបងមានវិធានការទេ?
សូមអគុណលោកប្រធានទុកជាមុន,!
លោកបានប្រាប់អោយដឹងថា “បច្ចុប្បន្ន មន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថទាំងថ្នាក់ជាតិនិងមូលដ្ឋាន មានវិធានការទប់ស្កាត់និងបង្ក្រាបបានជាបន្តបន្ទាប់។
បើជួបសង្ស័យបទល្មើសសុំទាក់ទងទៅ ០៩៧ ៩៤០ ៩ ០០០ ដើម្បីទប់ស្កាត់និងបង្រ្កាបបានទាន់ពេលវេលា”៕
ដោយ៖ វណ្ណៈ