កោះតៃវ៉ាន់៖​ បន្ទាប់​ពី​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ១៨៥នាក់​ ក្នុង១ថ្ងៃ​ សម្រេច​បង្កើនកម្រិតប្រកាសអាសន្ន

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារត្រួតពិនិត្យជំងឺនៃកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ ត្រឹម​តែ​រយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរកោះតៃវ៉ាន់​ បានរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ១៨៥ករណីបន្ថែមទៀត​។ មិន​តែ​ប៉ុណ្ណោះ​ អាជ្ញាធរ​ បានសម្រេចបង្កើនកម្រិតអាសន្នអំពី COVID-19 ឡើងដល់លេខ ៣ សម្រាប់ទីក្រុងតៃប៉ិ និងទីក្រុងតៃប៉ិថ្មី។

ទីភ្នាក់ងារត្រួតពិនិត្យជំងឺកោះតៃវ៉ាន់ បានបន្តថា​ កម្រិតអាសន្នលេខ ៣នេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែឧសភា។ នៅក្រោមប្រព័ន្ធកម្រិតអាសន្ន ៤ កម្រិតរបស់កោះតៃវ៉ាន់នេះ កម្រិតអាសន្នលេខ ៣ គឺតម្រូវឲ្យប្រជាជនទាំងអស់ ចូលរួមពាក់ម៉ាសគ្រប់ពេលវេលា នៅពេលពួកគេចាកចេញពីផ្ទះ និងហាមឃាត់ការជួបជុំគ្នានៅក្នុងផ្ទះលើសពីមនុស្ស ០៥នាក់ ព្រមទាំងកំណត់ការជួបជុំគ្នានៅខាងក្រៅត្រឹមមនុស្ស ១០នាក់ផងដែរ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ថា​ កន្លែងកម្សាន្តនានានៅទូទាំងកោះតៃវ៉ាន់​ រហូតមកដល់ពេលនេះ ត្រូវបានស្នើសុំឱ្យបិទទ្វារ ខណៈសាលាបឋមសិក្សា និងមធ្យមសិក្សា ក៏ត្រូវបានណែនាំឱ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ។ កន្លងមកនេះ កោះតៃវ៉ាន់ត្រូវគេចាត់ទុកថា បានគ្រប់គ្រងការរាតត្បាត COVID-19 បានយ៉ាងល្អប្រសើរ។

គិតត្រឹមថ្ងៃសៅរ៍ទី១៥​ ឧសភា​នេះ ដែនកោះដែលមានប្រជាជនរស់នៅជាង ២៣លាននាក់មួយនេះ មានករណីឆ្លង COVID-19 សរុប ១,៤៧៥ករណី ក្នុងនោះស្លាប់ ១២នាក់ និងជាសះស្បើយវិញ ១,១១៦នាក់៕ដោយ​៖ស​ តារា​

...

រូបថត​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print