ភ្នំពេញ,នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ ជាខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលជាទិវាដ៏មហានក្ខត្តឫក្សរំលឹកការចងចាំនូវស្នាព្រះហស្ថព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គទ្រង់បានបង្កើតនូវអង្គប្រតិបត្តិច្បាប់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពសង្គម ។ នេះជាថ្លែងរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ។
លោករដ្ឋលេខាធិការបានបន្តថា, ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ការពារបាននូវខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ព្រមជាមួយការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការតស៊ូលះបង់របស់កងកម្លាំងនគរបាលជាតិ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ ។
កងកម្លាំងនគរបាលជាតិ បានសាងនូវស្នាដៃធំៗជាច្រើនជូនសង្គមជាតិ ក្នុងការទប់ស្កាត់ និងបន្សាបឥទ្ធិពលនៃឧបាយកលបដិវត្តន៍ពណ៌ និងការអនុវត្តផែនការទុច្ចរិតគ្រប់រូបភាពក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដណ្តើមយកអំណាចដើម្បីផ្លាស់ប្តូររបបគ្រប់គ្រង នៅកម្ពុជា ។
ក្នុងបរិការណ៍កូវីដ-១៩ ជាពិសេសអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល កងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងអន្តរាគមន៍ គាំទ្រជួយដល់ការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បាន និងកំពុងលះបង់ពេលវេលា និងកម្លាំងកាយពល រួមចំណែកការពារសុខភាពសាធារណៈ អាយុជីវិតប្រជាពលរដ្ឋ និងសង្គមជាតិ ។
លោក ស សុខា បានថ្លែងថា, ក្នុងឱកាសអបអរសាទរទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ និងគោរពជូនពរថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ពិសេសនិវត្តន៍ជននគរបាលជាតិ រួមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងបានចៀសផុតពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺទាំងឡាយទាំងពួង កុំបីអាក់ខានឡើយ ។
ក្នុងនោះដែរ ក៏សូមជូនពរដល់មន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយ មានសុខភាពល្អប្រក្រតីឡើងវិញ ដើម្បីវិលត្រលប់ទៅជួបជុំក្រុមគ្រួសារ សាច់ញាតិ និងឆាប់បានទៅបំពេញការងារនៅតាមបណ្តាអង្គភាពរបស់ខ្លួន សំដៅបន្តបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ ជានិច្ចនិរន្តរ៍តរៀងទៅ៕
ដោយ, សិលា