ពលរដ្ឋអាមេរិក នៅ៦៥ទីក្រុង បាននាំគ្នាដង្ហែរក្បួនបាតុកម្មប្រឆាំងអំពើហិង្សាដែលបង្កឡើងដោយកម្លាំងទាហានអ៊ីស្រាអែល ក្នុងសង្គ្រាមវាយប្រហារគ្នាជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា ហើយការវាយប្រហារគ្នាគ្មានសញ្ញាបញ្ចប់នោះឡើយគឺកាន់តែខ្លាំងឡើង។
ការអំពាវនាវរបស់សកម្មជនប៉ាឡេស្ទីននៅអាមេរិក នាថ្ងៃទី១៥ខែឧសភា(ពេលវេលាអាមេរិក)បាននាំគ្នាដង្ហែរក្បួនបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការវាយប្រហារពីដែនអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំង របស់ក្រុមហាម៉ាស់នៅប៉ាឡេស្ទីន ពិសេស គឺប្រឆាំងនឹងសកម្មភាពបង្កហិង្សាពីសំណាក់ប៉ូលិសអុីស្រាអែលទៅលើក្រុមជនជាតិប៉ាឡេស្ទីននៅជេរ៉ូសាឡឹម។
ការធ្វើបាតុកម្មកើតឡើង ក្នុងឱកាសនៃខួប ៧៣ឆ្នាំថ្ងៃដែល អ៊ីស្រាអែលប្រកាសឯករាជ្យ នៅឆ្នាំ១៩៤៨។ ការធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែលនៅអាមេរិកកើតឡើងមួយសប្តាហ៍កន្លងមក ប៉ុន្តែនៅថ្ងៃទី១៥ខែឧសភា គឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត មានពលរដ្ឋចូលរួមច្រើន ហើយបាតុកម្មកើតឡើងនៅ៦៥ទីក្រុងក្នុងទឹកដីអាមេរិក។
ដោយឡែកនៅទីក្រុងវ៉ាស៊ីនតោន មានពលរដ្ឋប្រមាណ១០ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលាន វ៉ាស៊ីនតោន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នារសៀលថ្ងៃទី ១៥ខែឧសភា(ពេលវេលាអាមេរិក) មុនពេលដង្ហែរក្បួននៅទូទាំងទីក្រុង។ San Francisco ,Los Angeles ,Philadelphia, Pennsylvania និង New York កីមានបាតុកម្មប្រឆាំងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា សម្លាប់មនុស្សជាច្រើន ក្នុងនោះមាន៤០ ភាគរយជាស្ត្រីនិងកុមារ ៕
រូបភាព៖ REUTERS