រដ្ឋាភិបាលវៀតណាម៖ នឹងបណ្ដេញពលករបរទេសខុសច្បាប់ចេញពីប្រទេសរបស់ខ្លួន

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាមសេចក្តីជណដំណឹងរបស់ស្ថានទូតវៀតណាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២១នេះ​ នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានាតាមនីតិវិធី ហើយបើពិនិត្យឃើញថា មានពលករបរទេសខុសច្បាប់ កំពុងស្នាក់នៅធ្វើការ នឹងបណ្តេញចេញពីប្រទេសរបស់ខ្លួន។

​​នៅក្នុង​សេចក្តីជូនដំណឹងរបស់ស្ថានទូតវៀតណាម បានបញ្ជាក់យ៉ាងដូច្នេះថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជម្រាប ជូនប្រជាពលរដ្ឋខ្មែរកំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមជ្រាបថា យោងសារព័ត៌មានវៀតណាម (Viet Nam News) ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ដោយការបណ្ដេញចេញចំពោះពលករបរទេសខុសច្បាប់កំពុងធ្វើការងារនៅវៀតណាម។

ជាក់ស្ដែងសេចក្តីជូនដំណឹងដដែល​ បន្ត​ថា​ ក្រសួងការងារយុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា ពិចារណាលើការបណ្ដេញចេញចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ (work permits) ត្រឹមតូវ ឬអ្នកមិនគោរពតាមវិធានស្ដីពីការចូល និងចេញ (entry and exit rules)។ ករណីនេះ អាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនានា នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយអនុវត្តតាមនីតិវិធីជាធរមាន ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់នៅវៀតណាម។

ទន្ទឹមនឹង​នេះ​ ស្ថានទូតវៀតណាម​ ក៏បានស្នើឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាម ចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្ដីពីការចូល និងចេញរបស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម និងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាបន្តថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តវិធានការការពារ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្ត តាមការណែនាំរបស់អាជ្ញាធរ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩៕ ដោយ​៖​សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print