ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន ៣០១គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែក ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ ។
លោក ថេង សុថុល បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋស្មើៗគ្នា ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយការខ្វះខាតស្បៀងឡើយ ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេសសង្កត់ធ្ងន់លើខ្លឹមសារ ៣ការពារ ៣កុំ ដើម្បីទាំងអស់គ្នា ជាសផុតពីជំងឺសាហាវកូវីដ-19 ដោយរក្សាអនាម័យ លាងដៃអោយញឹកញាប់ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំនានា ។
ជាមួយនឹងការការពារពីជំងឺឆ្លងកូវីដ-១៩នោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបាន ម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។
បើតាមលោក ស៊ុន សិទ្ធីនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ ៕
ដោយ៖ ជីណា