លោកជា ខេមា អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការការពារ ការឆ្លងមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងឱកាសចែកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅសង្កាត់គោករកា លោក ជា ខេមា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការការពារពីការឆ្លងមេរោគកូវីដ១៩។
លោកបានបន្ដថា យើងអាចភ្លេចរឿងជម្ងឺកូវីដ១៩បាន ប៉ុន្ដែមេរោគកូវីដ១៩ មិនភ្លេចយើងឡើយ ឲ្យតែយើងប្រហែស វានឹងអាចឆ្លងមកដល់ខ្លួនយើង ក្រុមគ្រួសារ និង សហគមន៍យើងបាន។ ដែលចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានភាពជម្ងឺកូវីដ១៩ នៅកម្ពុជាបានរីករាលដាលឆ្លងចូលសហគមន៍ ដែលពី១ថ្ងៃទៅ១ថ្ងៃ ចំនួនអ្នកឆ្លងជម្ងឺដ៏កាចសាហាវនេះមានការកើនឡើងជាលំដាប់ រហូតដល់ជិត១ពាន់នាក់ក្នុង១ថ្ងៃក៍សឹងតែមានដែរ។
លោកបន្តទៀតថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់បស់ប្រមុ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានធ្វើឲ្យស្ថានភាពជម្ងឺកូវីដ១៩មានលក្ខណៈធូស្រាលជាងមុន បន្ទាប់ពីមានវិធានការបិទខ្ទប់តំបន់១ចំនួន ដែលមានការផ្ទុះឡើងនៃការចម្លងខ្លាំង ។ បច្ចុប្បន្ននេះតំបន់បិទខ្ទប់ទាំងឡាយ ត្រូវបានបើកឡើងវិញ ហើយនៅតំបន់ក្រហមក៏ ត្រូវបានបង្រួមឲ្យនៅតូច នៅសល់តែការបិទតាម លំនៅដ្ឋាន មានអ្នកឆ្លងប៉ុណ្ណោះ ដែលត្រូវការបិទខ្ទប់ជាចាំបាច់។ តាមការកត់សម្គាល់ នៅពេលការរីករាលដាលដំបូងនៃជម្ងឺកូវីដ១៩ នៅកម្ពុជា ប្រជាជនមហាជន មានការយកចិត្តទុកដាក់ខ្លាំងនិងមានការចូលរួមអនុវត្តវិធានការការពារយ៉ាងខ្ជាប់ខ្ជួន ប៉ុន្ដែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បងប្អូនប្រជាពលរដ្ឋយើងហាក់មានសុទិដ្ឋិនិយមភ្លេចខ្លួន ចំពោះជម្ងឺនេះ ដោយពុំសូវអនុវត្តវិធានការការពារ តាមគោលការរបស់ ក្រសួងសុខាភិបាលឡើយ។ បើតាម លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះ យើងត្រូវតែប្រកាន់ខ្ជាប់នូវវិធាន៣កុំ និង៣កាពារ ទោះជាអ្នកបានចាក់វ៉ាក់សាំងរួចក៏ដោយ ក៏មិនត្រូវ ជិះសេះលែងដៃដែរ។ ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បើខ្វះការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក៏មិនទទួលជោគជ័យដែរ។
គួរបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ដែលបានចែកជូន ចាស់ជរា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនោះ សរុបចំនួន៣០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, មី១កេះ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២ម៉ឺនរៀល។
បន្ទាប់មក លោក ជា ខេម៉ាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ លោក សន ស៊ិនចៅសង្កាត់គោករកា រួមនិងក្រុមការងារ១ចំនួនទៀត បានចុះទៅពិនិត្យមើលស្ថានភាព និង សាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅ ទីតាំងដែលត្រូវបានបិទខ្ទប់ នៃភូមិអណ្ដូង៥ ក្នុងសង្កាត់គោរកា ដែលនៅក្នុងភូមិនេះមន្ដ្រីសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗនេះចំនួន១៨នាក់ និងបានបញ្ជូន ពួកគេទៅព្យាបាលនៅមន្ទីរព្យាបាលជម្ងឺកូវីដ១៩រួចហើយ ចំណែកអ្នកជាប់ពាក់ព័ន្ធចំនួន៩៦នាក់ ស្មើនិង២៦គ្រួសារ ត្រូវបានឲ្យធ្វើចត្តាឡីសក័នៅក្នុងផ្ទះ ដោយមានការពិនិត្យនិងតាមដានយ៉ាងដិតដល់ពីមន្ដ្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print