ខេត្តប៉ៃលិន៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ក្នុងឧប្បត្តិហេតុ រន្ទះបាញ់កាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរទឹកភ្លាវ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សាក្សីនៅកន្លែងកើតហេតុនិយាយថា ជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់មានឈ្មោះ យ៉ាន យ៉េត អាយុ៣៦ឆ្នាំ ចំណែកជនរងគ្រោះរបួសធ្ងន់មានឈ្មោះ រឿន សារឹទ្ធ អាយុ២៦ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកោះកែវ ឃុំ-ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មុនពេលកើតហេតុអ្នកទាំងពីរបានកំពុងធ្វើដំណើរ និងមានមេឃភ្លៀងរលឹមស្រិចៗជាមួយខ្យល់កន្ត្រាក់ផងនោះ ស្រាប់តែមានភ្នែកបន្ទោលជាច្រើន ក៏ក្លាយទៅជាភ្លើងរន្ទះបាញ់បណ្ដាលឲ្យត្រូវបុរសទាំងពីរ ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យ៕ សុខ ខេមរា