ខេត្តស្ទឹងត្រែង, អាជ្ញាធរខេត្តស្ទឹងត្រែង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀត នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១។ សរុបមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង ចំនួន ៣នាក់ ស្រី ២នាក់។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជា
ពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការជូន ដំណឹង និងការប្រមូលព័ត៌មានក្នុងមូលដ្ឋាន ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកសង្ស័យពាក់ព័ន្ធ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧករណ៍ តេស្ករហ័ស (Abbott PanbioTM COVID-I9 Ag) ក្នុងនោះបានរកឃើញករណីវិជ្ជមាន ប្រជាពលរដ្ឋ ចំនួន ១នាក់ ជាករណីទី៣ ក្នុងខេត្តស្ទឹងត្រែង លើយុវជនឈ្មោះ ជាង ស៊ី ភេទប្រុស អាយុ ១៨ឆ្នាំ ជន ជាតិខ្មែរ ដែលពាក់ព័ន្ធនឹងករណីវិជ្ជមានចំនួន ៥នាក់ ក្នុងគ្រួសារមួយនៅ ភូមិព្រែកតារភ្នំ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។ សាមីខ្លួនបានធ្វើដំណើរតាមរថយន្តដឹកបន្លែពីស្រុកកោះធំ ខេត្តកណ្តាល មកកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
ឈ្មោះ ជាង ស៊ឺ ខាងលើនេះបានចុះនៅចំណតរថយន្តមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ រួចបន្តដំណើរទៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីទៅជួយធ្វើចម្ការឳពុកមា ឈ្មោះ អ៊ុន សំអុល ភេទប្រុស អាយុ ៥៣ឆ្នាំ។ អ្នកពាក់ព័ន្ធនៅក្នុងមូលដ្ឋានផ្ទាល់ ០៤នាក់ បានធ្វើតេស្ដរហ័ស ជាលទ្ធផលអវិជ្ជមានទាំងអស់ បច្ចុប្បន្ន បានដាក់ឲ្យសម្រាកនៅមណ្ឌលចត្តាឡីស័កកម្រិតស្រាល “ស្រឡៅ- ស្រុកថាឡាបរិវ៉ាត់។ អ្នកជំងឺខាងលើនេះបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ-១៩ មន្ទីរពេទ្យបង្អែកខេត្ត រួមនឹងអ្នកជំងឺកំពុងព្យាបាល ២នាក់ទៀត ដោយយកចិត្តទុកដាក់ ។ អ្នករួមដំណើរក្នុងរថយន្តដឹកបន្លែនោះមាន ៥នាក់ បានចុះនៅទីរួមខេត្តក្រចេះ ១នាក់ និង នៅទីរួមខេត្តស្ទឹងត្រែង ២នាក់ ព្រមទាំងតៃកុងឡាន ១នាក់ ព្រូឡាន ១នាក់ នៅពុំទាន់ កំណត់អត្តសញ្ញាណបាន ក្រុមការងារកំពុងបន្តទំនាក់ទំនងស្រាវជ្រាវរក។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមអំពាវនាវដល់អ្នកសង្ស័យ និងមានការពាក់ព័ន្ធនឹងករណីនេះទំនាក់ ទំនងមកក្រុមការងារឆ្លើយតបបន្ទាន់ តាមរយៈលេខទូរសព្ទ 088 877 8000 ឬ 017 788 000 ដើម្បី អនុវត្តវិធានការឆ្លើយតបសភាពការណ៍បានទាន់ពេលវេលា។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន គ្រប់អ្នកពាក់ ព័ន្ធទាំងអស់ទទួលជ្រាប និងចូលរួមអនុវត្តរាល់វិធានការសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់៕