សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ, បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា,នាព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom Platform ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ និងអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា សមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើត និងប្រកាសនាពេលនេះ មានសមាសភាពសរុប ចំនួន ១៣រូប ដោយមានលោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ជាប្រធាន និងលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធានប្រចាំការ ព្រមទាំងសមាសភាព១១រូបទៀត ជាសមាជិកដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្រុមការងារនេះមានតួនាទី ភារកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច, ពិនិត្យវិសាលភាពនៃការសិក្សា ស្រាវជ្រាវ ស្វែងយល់ស្ថានភាពការចុះបញ្ជីដីសមូហភាពដើម្បីកំណត់មុខសញ្ញាតំបន់ភូមិសាស្រ្តដែលត្រូវចុះសិក្សា, ធ្វើបច្ចុប្បន្នភាពលើប្រភេទដីសហគមន៍នៃការគ្រប់គ្រងដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច, សិក្សាពីបញ្ហាប្រឈមនានា, ធ្វើការពិគ្រោះយោបល់ ទំនាក់ទំនង សម្របសម្រួល និងសហប្រតិបត្តិការជាមួយបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ឋ អង្គការដៃគូដើម្បីប្រមូលព័ត៌មាន របាយការណ៍ នានាតាមការចាំបាច់ ព្រមទាំងទទួលភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច សំដៅរក្សា ការពារវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ល្អរបស់ជនជាតិដើមភាគតិច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច មានគោលបំណង ការពារសុវត្ថិភាពដីធ្លី សម្រាប់ប្រើប្រាស់ជាប្រយោជន៍សហគមន៍ ព្រមទាំងទប់ស្កាត់ភាពអាណាធិបតេយ្យក្នុងការចូលកាន់កាប់ទន្ទ្រានដីព្រៃ និងដីសាធារណៈរបស់រដ្ឋ។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យន្តការគាំទ្រយ៉ាងច្បាស់លាស់ ស្តីពីនីតិវិធីនៃការចុះបញ្ជីដី សហគមន៍ជនជាតិដើមភាគតិច ដែលមានស្ថាប័នចំនួន០៣ ឈរជាសមត្ថកិច្ច រួមមាន៖ ១-ក្រសួងអភិវឌ្ឍន៍ជនបទ មានសមត្ថកិច្ចក្នុងការកំណត់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច, ២-ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចក្នុងការផ្តល់ភាពជានីតិបុគ្គល ជូនដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីទទួលបានសិទ្ធិពេញលេញសម្រាប់ស្នើសុំ ចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព និង៣-ក្រសួងរៀបចំដែនដីនគររូបនីកម្ម និងសំណង់ មានសមត្ថកិច្ច លើការងារចុះបញ្ជីដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច ដែលមានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តជាសេនាធិការ និងជាភ្នាក់ងារអនុវត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print