សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «ទិវាជាតិនៃការចងចាំ»

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា, យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាពថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។

សម្ដេចបានថ្លែងបន្តថា, យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតភ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។

គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៍ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print