ភ្នំពេញ៖ លោកឧត្តមសេនីយត្រី សុខ ណុប អនុប្រធាននាយកដ្ឋានចរាចរណ៍និងសណ្តាប់ សាធារណៈក្រសួងមហាផ្ទៃបានថ្លែងថា មន្ត្រីនគរបាលចរាចរនឹង ប្តឹងទៅតុលាការ ចំពោះបណ្តាម្ចាស់យានដ្ឋានណា ដែលនៅ តែបន្តធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត កែច្នៃរថយន្តធុនធំ កាត់តទ្រុងខុសលក្ខណៈបច្ចេកទេស ដែលនឹងអាច ប្រឈមគ្រោះថ្នាក់ចរាចរណ៍និងខូចខាតផ្លូវស្ពានជាដើម។
លោកឧត្តមសេនីយ៍ថ្លែងបែបនេះនៅក្នុងឱកាសចុះត្រូតពិនិត្យ និងណែនាំដល់ម្ចាស់យានដ្ឋានពីរកន្លែងនៅក្នុងខ័ណ្ឌសែនសុខ រាជធានី ភ្នំពេញនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ដែលកំពុងលួចកែច្នៃកាត់តទ្រុងរថយន្តធុនធំខុសលក្ខណៈដើមពេលលោកបានរកឃើញថា មានយានដ្ឋានមួយ ចំនួនកំពុងធ្វើអាជីវកម្មគ្មាន ច្បាប់អនុញ្ញាតនិងឃុបឃិតជាមួយមបណ្តាម្ចាស់រថយន្តធុនធំ បន្ទាប់ពីរថយន្តទាំងនោះត្រូវបានយកទៅធ្វើឆៀកត្រួតពិនិត្យបច្ចេកទេសជា មួយក្រសួង សាធារណៈការនិងដឹកជញ្ជូនឃើញមានភាពមិនប្រក្រតី។
លោកឧត្តមសេនីយ៍ត្រី សុខ ណុប បន្តថា នៅក្នុងដំណាក់កាលដំបូងនេះ នគរបាលចរាចរនឹងសហការជាមួយមន្ត្រី ជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការចុះណែនាំទប់ស្កាត់ទីតាំងកែច្នៃរថយន្តធុនធំខុសបច្ចេកទេសជាមុនសិន។ បន្ទាប់ មកទើបនគរបាលចរាចរណ៍នឹងត្រួតពិនិត្យនៅតាមដងផ្លូវ ហើយបើរកឃើញថាមានរថយន្តធុនធំណា មានតទ្រុង ដឹកទំនិញលើសចំណុះ នឹងត្រូវបានចាប់ឃាត់យកទៅរក្សាទុកដើម្បីឲ្យគេទៅដោះស្រាយទៅតាម ផ្លូវច្បាប់ ។
ចំណែកលោកលោក ម៉ឹង ឈុនហេងអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក្រសួងសាធារណការ និងដឹកជញ្ជូនវិញបាន ថ្លែងថា រថយន្តធុនធំត្រូវតែទៅចុះបញ្ជី ។ កន្លងមកមានម្ចាស់យានដ្ឋានមួយចំនួនបានបើកលួចលាក់ ហើយ ពេលដែលអាជ្ញាធរចុះត្រូវត្រួតពិនិត្យ ម្ចាស់យានដ្ឋាននោះតែងតែយកលេសធ្វើមិនដឹងពីការសុំច្បាប់អនុញ្ញាត ។ សម្រាប់បញ្ហានេះ លោកនឹងទុករយៈពេល៣០ថ្ងៃ បើម្ចាស់យានដ្ឋានខុសច្បាប់ណាមិនព្រមទៅ ចុះបញ្ជីនោះទេ លោកនឹងរៀបចំបណ្តឹងប្តឹងទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានយានដ្ឋានជុសជុលកែច្នៃរថយន្តតូចៗប្រមាណ១៥០យានដ្ឋាន ក្នុងនោះមានយានដ្ឋាន ប្រមាណតែ៣០% បានទៅចុះបញ្ជីស្របច្បាប់ ជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនតែក្រៅពីនេះជាយានដ្ឋាន សុទ្ធតែជាយានដ្ឋានខុសច្បាប់ទាំងអស់៕ ប្រាថ្នា