ផ្លូវ​ជាច្រើនខ្សែ​ ក្នុង​ក្រុង​បាត់ដំបង​ កំពុង​រងការខូចខាតយ៉ាងធ្ងន់ធ្ងរ​ ខណៈ​អាជ្ញាធរ​ខេត្ត​ ហាក់ដូចជា​មិនខ្វល់ខ្វាយ​

ចែករំលែក៖

ខេត្តបាត់ដំបង​៖ បេីយោង​តាមការរិះគន់របស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង​ បាននិយាយថា​ បច្ចុប្បន្ននេះ​យេីងសង្កេត​ឃើញ​ថា កំណាត់​ផ្លូវ​នៅ​ក្នុង​ខេត្ត​ជា​ច្រើន​ខ្សែបាន​រង​ការ​ខូចខាតយ៉ាងដំណំ ក្នុង​សភាព​លិចលង់​នៅ​ក្នុង​ទឹក គ្មាន​អ្នក​ជួយ​សង្គ្រោះ​ឡើយ ​រហូត​ដល់​សព្វ​ថ្ងៃនេះស្ទើរ​ក្លាយជា​បឹង​នៅ​ចំ​កណ្ដាល​ថ្នល់​ទៅ​ហើយ។ ប៉ុន្តែ​កំណាត់​ផ្លូវ​ខ្លះ​ ក៏បាន​ធ្វើការ​ជួសជុល​ឡើង​វិញផងដែរ​​។

បេីតាមរូបភាពជាច្រេីនសន្លឹករបស់ប្រជាពលរដ្ឋ​ បានបញ្ជាក់ថា​ ជាក់ស្ដែង​កំណាត់​ផ្លូវ​មួយ​ខ្សែ​នៅ​ខាងក្រោយ​ជាប់​នឹង​ផ្សារ​ទំនើប​«​បុរី​ថ្មី​» ស្ថិត​ចំ​កណ្ដាល​បេះដូង​​ក្រុង​បាត់ដំបង​តែ​ម្ដង ដែល​ត្រាំត្រែង​ក្នុង​ទឹក​ខួបប្រាំងខួបវស្សា គ្មាន​មន្ត្រី​ណា​មើលឃើញ​ឡើយ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ បាន​និយាយ​ថា កំណាត់​ផ្លូវ​មួយ​ខ្សែ​ដែល​ជាប់​នឹង​ផ្សារ​ទំនើប «​បុរី​ថ្មី​» ប៉ែក​ខាងក្រោយ បាន​រង​ការ​ខូចខាត​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ និង​ធ្ងន់ធ្ងរ​បំផុត​នៅ​ឆ្នាំទៅ​ម៉ិ​ញ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ពលរដ្ឋ​ បន្តថា​ កំណាត់​ផ្លូវ​នេះ ​ចូល​ទៅ​កាន់​ផ្សារ​ទំនើប ដែល​ដំបូង​ក្រាល​កៅស៊ូ តែ​បាន​រង​ការ​ខូចខាត​ទៅ​វិញ​ច្រើន​ឆ្នាំ​ហើយ​គ្មាន​ការ​ជួសជុល​ទេ រក្សា​ទុក​រហូត​ដល់​សព្វ​ថ្ងៃនេះ​ស្ទើរ​ក្លាយជា​បឹង​ទៅ​ហើយ ពេល​ភ្លៀង​ម្ដង​ៗ​ទឹក​លិច​ធ្វើ​ដំណើរ​មិនកើត​ឡើយ​។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ លោក ព្រូ​ញ រិ​ទ្ធ​ថា ប្រធាន​មន្ទីរសាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង​ បាន​ថ្លែង​ថា កំណាត់​ផ្លូវ​ដែល​ខូចខាត​ខាងលើ​នេះ ជា​បន្ទុក​របស់​ម្ចាស់​ផ្សារ​ទំនើប​«​បុរី​ថ្មី​» និង ក្រោម​គម្រោង​វិនិយោគ​របស់​ខេត្ត បើ​ខាង​ខេត្ត​មាន​កញ្ចប់​ថវិកា​អាច​ធ្វើ​បាន​។

បន្ថែមពីនេះ​ លោក ព្រូ​ញ រិ​ទ្ធ​ថា​ ​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​យ៉ាង​ដូច្នេះ​ថា «​បច្ចុប្បន្ន រាល់​ផ្លូវ​នានា​នៅ​ក្នុង​ខេត្ត ត្រូវ​បាន​ក្រសួង​ទម្លាក់​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ជា​អ្នក​ទ​ទូល​ខុស​ត្រូវ មិន​នៅ​ក្រោម​គម្រោង​របស់​ថ្នាក់​ជាតិ​ទៀត​ទេ​»​។ ពោល​គឺ​កំណាត់​ផ្លូវ​នានា​នៅ​ក្នុង​ខេត្ត ដែល​កំពុង​រង​ការ​ខូចខាត មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ថែទាំ​របស់​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​ទៀត​ទេ គឺ នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខេត្ត​។

​ចំណែក​ម្ចាស់​ផ្សារ​ទំនើប​បុរី​ថ្មី ឬ អ្នក​ទ​ទូល​ខុស​ត្រូវ​ផ្សារ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា​ ឆ្នាំ​២០២១នេះដែរ​ អង្គភាពយេីង​ មិនអាចទំនាក់ទំនងបាន​នៅឡើយ​ទេ​។

បើ​តាម​មន្ត្រី​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណីខាងលេីនេះ​ បានលួចបង្ហេីបប្រាប់ថា គម្រោង​ជួសជុល​ផ្លូវ​នៅ​ម្ដុំ​ផ្សារ​ទំនើប​«​បុរី​ថ្មី​»​ខាងលើ​នេះ ហាក់​មានការ​រារែក​ចែក​មិន​ដាច់ស្រេច ​រវាង​គម្រោង​វិនិយោគ​រដ្ឋបាល ជាមួយនឹងថៅកែ​ផ្សារ​។ ខាង​ខេត្ត​ចង់​ទុក​ឲ្យ​ខាង​ផ្សារ​ធ្វើ រីឯ​ខាង​ផ្សារ​ចង់​ឲ្យ​មានការ​ចូលរួម​ចំណែក​ពី​ខាង​ខេត្ត (​រុញ​ដាក់​គ្នា​)​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ដោយសារ​តែ​ប្រចាំ​គ្នា​ទៅ​វិញ ទៅ​មក​ដូច្នេះ​ហើយ ទើប​កំណាត់​ផ្លូវ​នៅ​ម្ដុំ​ក្រោយ​ផ្សារ​ទំនើប​បុរី​ថ្មី ពេល​នេះ​មាន​ស្ថានភាព​ដូច​ផ្លូវ​ទៅ​កាន់​ឋាននរក​។ ពេល​ចូល​ដល់​រដូវវស្សា​ដូច​សព្វ​ថ្ងៃនេះ មើលទៅ​ដូច​បឹង​នៅ​ចំ​កណ្ដាល​ថ្នល់​ដែល​លំបាក​ធ្វើ​ដំណើរ​បំផុត​។ តើ​ឆ្នាំ​ណា​ទើប អាជ្ញាធរ​ឬ​ថៅកែ​ផ្សារ​ទំនើប​នេះ បើកភ្នែក​មើលឃើញ​បឹង​នៅ​ចំ​កណ្ដាលផ្លូវ​នេះ ?

គួបញ្ជាក់ថា​ ​យ៉ាងណា​មិញ​ ថ្វីបើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​ឆ្នាំទៅ​ក៏ពិតមែន ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​រួចរាល់​ភាគច្រើន​ក្ដី តែ​នៅ​តែ​មាន​កំណាត់​ផ្លូវ​មួយ​ចំនួន​ទៀត កំពុង​រង​ការ​ខូចខាត​នៅឡើយ ដែល​អាជ្ញាធរ​ហាក់​ធ្វើ​មិនដឹងមិនឮ ដោយ​មិនខ្វល់ខ្វាយក្នុងការជួសជុលផ្លូវនេះឡេីយ ។

លេីសពីនេះ​ទៅទៀត​ ប្រធាន​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត លោក ព្រូ​ញ រិ​ទ្ធ​ថា​ បាន​ថ្លែង​បន្តទៀតថា បើ​ទោះជា​កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត​មួយ​ចំនួន ស្ថិត​នៅ​ថ្នាក់​ក្រោម​ជាតិ ឬ ក្រោម​ដែន​សមត្ថកិច្ច​ខេត្ត ជា​អ្នក​ទ​ទូល​ថែទាំ​ក្ដី ប៉ុន្តែ​កន្លង​មក ខាង​មន្ទីរ​របស់​លោក បាន​ចុះ​ជួយ​ជួសជុល​បិត​ជង្ហុក សម្បុកមាន់​បាន​ច្រើន​កន្លែង ច្រើន​កំណាត់​ដែរ​ផ្លូវ​ដែរ ដើម្បី​ជួ​យស​ម្រូ​ល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print