ភ្នំពេញ, សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់បណ្តាលមកពីការពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍មកមន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រសួងសុខាភិបាល ថាមានករណីស្លាប់ចំនួន២នាក់ កើតឡើង នៅភូមិតាសួរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ឱ្យ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយ នគរបាលស្រុក នគរបាល ឃុំ មេឃុំ និង ក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្ដរហ័សដើម្បីរកវីរុសកូវីដ-១៩ ហើយលទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ។ នាយប់ថ្ងៃដដែលនេះក្រុមការងារ បានបន្តការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសុខភាពនិងស្លាប់ ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុង ភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបាន ផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ លទ្ធផលនៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់ កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្ដើមឡើងដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡេះឡះ ថប់ដង្ហើម ណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែក សន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ ដល់ថ្ងៃទី១៩ ខែឧសភា នេះ មាន ករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួន២គឺភូមិតាសួរភូមិក្តីកណ្តាលឃុំសារីកាកែវស្រុកល្វាឯមដូចមានក្នុងតារាងខាងក្រោម៖
ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបាន ត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ចប់ការលក់ស្រានិងទីតាំងផលិតចែកចាយស្រាទាំង២កន្លែង ក្នុងតំបន់គោលដៅដែលកើត មាននូវករណីខាងលើ។ បន្តតាមដាន និងអប់រំប្រជាជនទូទៅ អំពីអនាម័យចំណីអាហារ ចេះការពារខ្លួន,៕
ដោយ, សិលា