រដ្ឋបាលខេត្តកំពង់ចាម៖​ បន្តរកឃើញ​ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ៩៣នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៩៣នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម​ និងមានករណីជាសះស្បើយ២៣នាក់​។

ជាក់ស្ដែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាង​លើ​នេះ​ បានបញ្ជាក់ថា​ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ មាននៅស្រុកបាធាយ ចំនួន៣៤នាក់, ស្រុកជើងព្រៃ ចំនួន៣៤នាក់, ស្រុកព្រៃឈរ ចំនួន០៩នាក់,ស្រុកកំពង់សៀម ចំនួន៦នាក់, មកពីខេត្តកំពង់ឆ្នាំង ចំនួន៣នាក់ និងមកពីខេត្តកំពង់ធំ ចំនួន៧នាក់។

ទន្ទឹមនឹង​នេះ​ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

មិនតែប៉ុណ្ណោះ​ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print