ភ្នំពេញ៖ អំណោយជាសម្ភារមួយចំនួន ដែល មានដូចជា ម៉ាសជាង២ម៉ឺនម៉ាស និងអាកុលលាងដៃរាប់រយដបត្រូវបានក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះនូវឡើយ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោកសេង វណ្ណៈ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ដែលបានឧបត្ថម្ភ ម៉ាសចំនួន២៥០០០ម៉ាសនិងអាកុលលាងដៃចំនួន ៤០០ដបជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី
ចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺ
កូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះ រាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជូបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ ៕
ដោយ៖ សំរិត