នៅទីបំផុតអុីស្រាអែលនិងប៉ាឡេស្ទីន បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់ការវាយប្រហារគ្នាជាទ្រង់ទ្រាយធំ បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៤ ដែលមានសង្គ្រាមវាយប្រហារគ្នារយៈពេល៥០ថ្ងៃ។
គណៈរដ្ឋមន្ត្រីអុីស្រាអែល នៅថ្ងៃទី ២០ខែឧសភា បានព្រមព្រៀងគ្នា អនុវត្តបទឈប់បាញ់នៅហ្គាហ្សា។ មកទល់ពេលនេះគេមិនទាន់ដឹងថាបទឈប់បាញ់មានរយៈពេលយូរប៉ុនណានោះឡើយ ប៉ុន្តែតាមបណ្តាញព័ត៌មានអុីស្រាអែល Channel 12 បានផ្សាយថា បទឈប់បាញ់នឹងមានប្រសិទ្ធភាពចាប់ពីម៉ោង២រំលងអធ្រាត្រថ្ងៃទី ២១ខែឧសភា ។
ព័ត៌មានស្តីពីបទឈប់បាញ់ត្រូវបានធ្វើឡើង ក្រោយនាយករដ្ឋមន្ត្រីអីុស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានជួបប្រជុំជាមួយកម្លាំងសន្តិសុខនៅក្នុងប្រទេសនេះ ក្រោយការវាយប្រហារគ្នាជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា អូសបន្លាយរយពេល១១ថ្ងៃកន្លងមក ។ បទឈប់បាញ់នោះនឹងបញ្ចប់ សង្គ្រាមវាយប្រហារគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមរយៈពេល ៥០ថ្ងៃនៅក្នុងឆ្នាំ២០១៤។
ក្រោយកិច្ចព្រមព្រៀងឈប់បាញ់បានប្រកាសជាផ្លូវការ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានឱ្យដឹងថា លោកបានមើលឃើញឱកាសយ៉ាងពិតប្រាកដសម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
សង្គ្រាមវាយប្រហារគ្នា រវាង អុីស្រាអែលនិឹងក្រុមហាម៉ាស់ចាប់ផ្តើមឡើងនៅថ្ងៃទី ១០ ខែឧសភា ក្រោយពេលកម្លាំងហាម៉ាស់បានវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីតាំងនានារបស់អុីស្រាអែលនៅតំបន់ជេរូសាឡឹម ។ ការវាយប្រហាររបស់ក្រុមហាម៉ាស់កើតឡើងក្រោយពេលដែលកម្លាំងប៉ូលិសអុីស្រាអែល ប៉ះទង្គិចគ្នាជាមួយក្រុមជនជាតិប៉ាឡេស្ទីននៅជិតព្រះវិហារ Al Aqsa។
អុីស្រាអែលបើកការវាយប្រហារ ទៅលើទីតាំងសំខាន់ៗរបស់ក្រុមហាម៉ាស់ ក្នុងនោះមានទាំងបណ្តាញផ្លូវក្រោមដីផងដែរ ។ ក្រុមហាម៉ាស់បានវាយប្រហារដោយគ្រាប់រ៉ុក្កែតជាង៤ពាន់គ្រាប់ចូលទៅលើទឹកដីអីុស្រាអែល។
ការវាយប្រហារគ្នា បណ្តាលឲ្យជនជាតិប៉ាឡេស្ទីន២១៩នាក់ស្លាប់ក្នុងនោះមានកុមារ ៦៣នាក់ និងរបួសរាប់ពាន់នាក់។ ចំណែកភាគីអុីស្រាអែលវិញក៏មានអ្នកស្លាប់១២នាក់ផងដែរ ៕
រូបភាព៖ anninhthudo