ភ្នំពេញ, កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Opera បានដាក់ឱ្យប្រើប្រាស់កម្មវិធី Browser សម្រាប់កុំព្យូទ័រដែលគេឱ្យឈ្មោះថា Opera GX។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងទាញយកអ្នកប្រើប្រាស់ ជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមអនឡាញពីកម្មវិធី Browser មួយចំនួនទៀតមានដូចជា Google Chrome និង Firefox ជាដើម។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
ដោយមើលឃើញពីភាពជោគជ័យរបស់កម្មវិធី Opera GX ដែលបច្ចុប្បន្នកំពុងតែមានអ្នកប្រើប្រាស់ប្រមាណ ៩លាននាក់ជារៀងរាល់ខែនោះ ក្រុមហ៊ុន Opera បានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងដាក់ឱ្យប្រើប្រាស់កម្មវិធី Opera GX សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android ក្នុងពេលឆាប់ៗនេះ។
កត្តាដែលនាំឱ្យអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមអនឡាញងាកមកប្រើកម្មវិធី Opera GX វិញនោះគឺដោយសារតែកម្មវិធីនេះមានមុខងារពិសេសមួយចំនួនដូចជា មុខងារដែលអាចឱ្យលោកអ្នកកំណត់នូវការប្រើប្រាស់ CPU, RAM និង network bandwidth។ ម្យ៉ាងវិញទៀតវាក៏មានប៊ូតុងដែលអាចឱ្យលោកអ្នកធ្វើការស្វែងរក បើកឬបិទ tabs បានយ៉ាងលឿនផងដែរ។
ជាមួយនឹងកម្មវិធី Opera GX សម្រាប់ទូរសព្ទវិញនោះ ក្រុមហ៊ុននឹងបន្ថែមមុខងារមួយចំនួនទៀតដែលអាចឱ្យលោកអ្នកធ្វើការផ្លាស់ប្ដូរទិន្នន័យ (sync) ជាមួយនឹងកុំព្យូទ័រ ដែលមានទំហំរហូតដល់ទៅ 10MB ដោយគ្រាន់តែស្គេន QR កូដតែប៉ុណ្ណោះ។ ជាងនេះទៅទៀត វាក៏មានបន្ថែមនូវមុខងារសម្រាប់រាំងខ្ទប់ពីការជ្រៀតចូលដើម្បី ស្វែងរករូបិយប័ណ្ណឌីជីថល និងការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ៕
ដោយ, សិលា