ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្មេងៗនិងអ្នកភូមិប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចខណៈប្រទះឃើញបុរសវិកលចរិតម្នាក់ដេកស្លាប់នៅកណ្ដាលវាលស្រែដែលគេសង្ស័យថាគាត់ស្លាប់ដោយសារខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២១ខែ
ឧសភាស្ថិតនៅក្នុងភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះសៅ ពាន អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
តាមអ្នកភូមិបានឱ្យដឹងថា បុរសរូបនេះជាមនុស្សវិកលចរិត ពេលដើរតាមផ្លូវអ្នកភូមិមានការអាណិតតែងតែឱ្យម្ហូបអាហារហូបជាប្រចាំ។
ប្រភពបន្តថា ក្រោយមកប្រមាណ២ទៅ៣ថ្ងៃនេះបុរសខាងលើមិនឃើញហូបអាហារនោះទេសង្ស័យថាមានជំងឺ ទើបនៅព្រឹកកើតហេតុស្រាប់តែប្រទះឃើញគាត់ដេកស្លាប់កណ្ដាលវាលស្រែបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសពត្រូវបានសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យ រួចហើយបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន