លោកទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញសំណេះសំណាលនិងប្រគល់ដីលំនៅដ្ឋានជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ១៤០គ្រួសារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីសម្បទានសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ស្ថិតក្នុងភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក្នុងខេត្តកំពង់ធំ ចំនួន១៤០គ្រួសារ។ 

ពិធីនេះក៏មានការចូលរួមពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនផ្សេងទៀត។ 

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មិនទុកចោលអតីតយុទ្ធជននោះទេ ពោលគឺតែងតែចុះសួរសុខទុក្ខជាប្រចាំ និងយកចិត្តទុក្ខដាក់ខ្ពស់ ទៅលើជីវភាពរស់នៅ ទៅតាមការណែនាំដ៏ខ្ពស់ខ្ពស់របស់ម្តេចតេជោ និងឯកឧត្តមទេសរដ្ឋមន្រ្តី ជាអគ្គលេខាធិការផងដែរ។ 

ដោយបានការចង្អុលណែនាំពី អគ្គលេខាធិការ គន់ គីម  និងការយកចិត្តទុកដាក់ពីលោក សុខ លូ ប្រធានកិត្តិយស ស អ ក ខេត្ត នឹងការជួយជ្រុំជ្រែងពីមន្ទីរ ជំនាញពាក់ព័ន្ធ សមាគម អតីតយុទ្ធជនខេត្ត បានឈូសឆាយដីសម្បទានដែលរដ្ឋប្រគល់អោយ

ស្ថិតក្នុងភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្វើការឈូសឆាយសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រ ចំនួន១៤០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានដីទំហំ១,៥ហិកតា (១ហិកតាកន្លះ) និងផ្ទះ១ខ្នងទំហំ ៥ម៉ែត្រ×៧ម៉ែត្រ។ រហូតមកដល់ពេលនេះផ្ទះសាងសង់រួច​បាន ៧៣ខ្នង​លេី១៤០​ ខ្នងផ្ទះ។ លោក​ លី​ វ៉ាន់ដេត​ ដែលជាជនពិការ​ ទទួលបានផ្ទះនៅទីនេះ​ បានគោរពថ្លែងអំណរគុណ​ សម្តេចទាំងពីរ​ នឹងបានប្តេជ្ញា គាំទ្រ បោះឆ្នោត​ ជូនសម្តេច​ ជារៀងរហូត។ 

លោក សុខ លូ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តរបស់អតីយុទ្ធជន ក៏ដូចជាគ្រួសារពលីមរណៈ ក្នុងបុព្វហេតុជាតិមាតិភូមិ រហូតដល់មានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ លោកបន្តថា គុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជនបានលៈបង់នោះ គឺនិងធ្វើការចងចាំទុក ជាប្រវត្តិសាស្រ្ត ទៅលើគុណបំណាច់ទាំងអស់នេះ ហើយនឹងរៀនសូត្រតាម នូវគំរូវីរៈភាពដ៏អង់អាចក្លាហាននេះបន្ថែមទៀត។ 

ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយត្ន័ការពារខ្លួនពីជំងឺកូវីដ១៩ និងខិតខំប្រឹងប្រែង បំពេញការងារដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ៕

      

...

ដោយ ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print