ខេត្តបាត់ដំបង៖ ក្មេងស្រីម្នាក់អាយុ៤ឆ្នាំ ត្រូវបងប្រុសបង្កើតបបួលទៅដាក់
មងនៅទំនប់ពហុបំណងសេកសក ហើយក៏បានលង់ទឹកស្លាប់គួរឱ្យសង្វេគជាទីបំផុត។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី នៅចំណុចទំនប់ពហុបំណងសេកសក ស្ថិតនៅក្នុងភូមិ សេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ហៃ ម៉ីអឺ អាយុ ៤ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានលង់ទឹកស្លាប់នៅចំណុចទំនប់ពហុបំណង សេកសក ក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ឪពុកឈ្មោះ ហ៊ុំ ហៃ អាយុ៥៨ឆ្នាំ និងម្តាយឈ្មោះ យ៉ត ជំពូ អាយុ៣៣ឆ្នាំ រស់នៅភូមិជាមួយគ្នាខាងលើ។
សមត្តកិច្ចនគរបាលជំនាញមូលដ្ឋាន
បានបន្តថា ក្នុងករណីនេះគឺមូលហេតុមកពីបងប្រុសបង្កើតឈ្មោះ ហៃ លៀបហេង អាយុ១១ឆ្នាំ បានបបួលប្អូនស្រីរងគ្រោះទៅដាក់មងនៅទំនប់ពហុបំណង។ ខណៈទៅដល់បងប្រុសក៏ដើររាយមង ដោយមិនដឹងថាប្អូនស្រីបានដើរតាមក្រោយខ្លួននោះទេ លុះពេលដាក់មងរួចក៏ដើរមកលើគោកវិញស្រាប់តែមិនឃើញប្អូនស្រី ក៏ស្រែកហៅ ទើបភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនាំគ្នាចុះរាវរកក្នងទឹកក៏ឃើញលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយពីសមត្តកិជំនាញមូលដ្ឋានបានពិនិត្យសពរួច ក៏បានសន្និដ្ឋានថាក្មេងស្រីស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយក៏បានប្រគល់សពក្មេងស្រីនោះជូនឪពុក ម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត