ភ្នំភ្លើង Nyiragongo ស្ថិតនៅភាគខាងកើតសាធារណរដ្ឋកុងហ្គោ ដែលជាភ្នំភ្លើងផ្ទុះខ្លាំងបំផុតនៅលើពិភពលោក បានចាប់ផ្តើមផ្ទុះឡើង សាជាថ្មី បណ្តាលឲ្យពលរដ្ឋនៅជិតទីក្រុង Goma ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
ពលរដ្ឋក្នុងតំបន់បាននាំគ្នារត់ទៅកាន់ព្រំដែនជាប់ប្រទេស Rwanda ក្នុងពេលផ្ទៃមេឃគ្របដណ្តប់ដោយពណ៌ក្រហម ដោយសារកំអែរភ្នំភ្លើងព្រួសចេញជះពន្លឺទៅលើមេឃ។ បណ្តាញអគ្គិសនីត្រូវកាត់ផ្តាច់ បណ្តាញទូរស័ព្ទជាប់គាំង ដោយសារតែការហៅទូរស័ព្ទច្រើនពេក។
ក្រសួងគ្រប់គ្រងគ្រោះអាសន្ន Rwanda បានឱ្យដឹងថា មានពលរដ្ឋកុងហ្គោ៣៥០០នាក់បានឆ្លងដែនចូលក្នុងប្រទេសនេះ ដើម្បីភៀសខ្លួនជាបណ្តោះអាសន្នបញ្ចៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ចំណែកអភិបាលខេត្ត Kivu ជាតំបន់ដែលមានភ្នំភ្លើងព្រួសកំអែរបានបញ្ជាក់ថា ភ្នំភ្លើងចាប់ផ្តើមព្រួសនៅវេលាម៉ោង ៧ យប់ថ្ងៃទី២២ខែឧសភា ។ មន្ត្រីក្នុងតំបន់ បានណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលកំពុងកើតឡើង។
ភ្នំភ្លើង Nyiragongo បានព្រួសកំអែរនៅឆ្នាំ២០០២ សម្លាប់មនុស្ស ២៥០នាក់ និងពលរដ្ឋ១២០ពាន់នាក់ បាត់បង់ផ្ទះសម្បែង ក្រោយកំអែរភ្នំភ្លើងហូរទៅកានទីក្រុង Goma ៕
រូបភាព៖ AP