ខេត្តបាត់បាត់ដំបង៖ សមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនបានចាប់សាច់ជ្រូកចំនួន១០០គីឡូក្រាម និងឃាត់ខ្លួនអ្នកនាំចូលចំនួន២នាក់ក្រោយឆែករកឃើញនិងពិនិត្យឃើញថាសាច់ជ្រូកចំនួនខាងលើខូចគុណភាពទាំងអស់ដែលឈ្មួញលួចនាំចេញពីប្រទេសថៃក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីខេត្តបាត់ដំបងដោយវិធីលី រែកពុន ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីបង្ក្រាបបទល្មើសនេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចមាត់អូរព្រំដែនក្នុងភូមិសាស្រ្តភូមិគីឡូ១៣ ឃុំសន្តិភាព ក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបង។មន្ត្រីជំនាញបានដកហូតបានវត្ថុតាងសាច់ជ្រូកសរុបចំនួន១០០គីឡូក្រាម(ខូចគុណភាព)ដែលក្រុមឈ្មួញលួចលាក់នាំយកចេញពីប្រទេសថៃនៅយប់រំលងអធ្រាត្រដោយឆ្លងកាត់តាមច្រករបៀង។ ក្រោយចាប់បានមន្ត្រីជំនាញបានដកហូតសាច់ជ្រូកទាំងអស់នេះយកទៅដុតបំផ្លាញចោលនៅហ្នឹងកន្លែងតែម្តង។
ដោយឡែកចំពោះមនុស្សចំនួន២នាក់ជាកម្មករលីសាច់ជ្រូកដែលឃាត់ខ្លួនបានត្រូវសមត្ថកិច្ចអប់រំណែនាំឱ្យធ្វើកិច្ចសន្យា បញ្ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត រួចនាំខ្លួនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតាមវិធានសុខាភិបាលដើម្បីទប់ស្កាត់ការរាលឆ្លងនូវជំងឺកូវីដ-១៩ នៅតំបន់នោះ៕