ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុដអាយុ១២ឆ្នាំម្នាក់បានលង់ស្លាប់នៅក្នុងប្រឡាយទឹកដែលមានជម្រៅ៤ម៉ែត្រ ត្រង់ចំណុចពោធិ៍៣ (ចម្ងាយ៤០០០ម៉ែត្រ) ខាងកើតភូមិធ្លក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១៦:៥២នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។
យើងបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍ស្តីទីឃុំដំរិលថា មានករណីមនុស្សលង់ទឹកស្លាប់នៅចំណុចពោធិ៍៣ (ចម្ងាយ៤០០០ម៉ែត្រ) ខាងកើតភូមិធ្លក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ លោកនាយប៉ុស្តិ៍ដំរិល(ស្តីទី)បញ្ជាក់ថា ពិតជាមានករណីមនុស្សលង់ទឹកនៅចំណុចខាងលេីនេះមែន ។ លោកថា បន្ទាប់ពីទទួលបានព័ត៌មានអំពីរឿងនេះរួចមក កម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍ដំរិល តំណាងលោកមេឃុំ លោកមេភូមិ និងគ្រូពេទ្យមណ្ឌល បានចុះដល់ន្លែងកើតហេតុធ្វើការពិនិត្យសាកសព មានឈ្មោះ សុខ ដាវីដ ហៅ ពិសិដ្ឋ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។
ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យ និង មន្ត្រ៏ជំនាញបច្ចេកទេសបានបញ្ជាក់ថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដែលពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ពីបទល្មេីសអ្វីផ្សេងនោះទេ។
តាមការបំភ្លឺរបស់ឈ្មោះ ស៊ុន សាម៉ុក អាយុ៣៣ឆ្នាំ (ត្រូវជាឪពុករបស់សព) បានបំភ្លឺប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី២៣.០៥.២០២១ វេលាម៉ោង១០ព្រឹក គាត់បានបើកគោយន្តចេញពីផ្ទះ ដោយមានគ្នា៥នាក់សំដៅទៅដាក់សៃយកក្តាមនៅចំណុចខាងលើ។ ពេលទៅដល់ក៏បានឈប់គោយន្ត ហើយបែកគ្នាទៅដាក់សៃរៀងៗខ្លួន ឆ្ងាយៗពីគោយន្ត ។
លោកស៊ុន សាម៉ុក បន្តថា គាត់បានទៅដាក់សៃនៅឆ្ងាយពីគោយន្តរបស់គាត់ប្រហែល ២០០ម៉ែត្រ ពេលនោះគាត់ដាក់សៃអស់១ ក៏បានឱ្យកូនឈ្មោះសុខ ដាវីដ ហៅពិសិដ្ឋ យកសៃមក១ទៀត ពេលកូនគាត់យកសៃមកឱ្យគាត់ គាត់បានប្រាប់ថាបើកូនឯងក្តៅ កូនឯងលេងទឹកក្បែរៗនោះទៅ ។ លុះពេលគាត់ដាក់សៃរួចហើយ ក៏ត្រឡប់មកវិញមិនឃើញកូន ក៏បានស្រែកហៅអ្នកដែលទៅជាមួយគ្នាឱ្យជួយរក ពេលនោះក៏បានចុះមុជរាវរកក្នុងប្រឡាយទឹកដែលមានជម្រៅ៤ម៉ែត្រ ក៏បានឃើញកូនគាត់លង់ទឹកស្លាប់នៅក្នុងប្រឡាយនោះ។
ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណៈ