ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាកម្មករ កម្មការិនីដែលធ្លាប់លក់ដូរ និងទិញអីវ៉ាន់នៅក្នុងផ្សារជីភូនិងផ្សារថូម៉ាកនៅក្រុងបាវិតសូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថានៅក្នុងផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត និងនៅក្នុងផ្សារថូម៉ាក ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ដោយនាពេលកន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានបានមកទិញអីវ៉ាន់នៅផ្សារខាងលើ ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន