ខេត្តកំពត ៖ ប្រជាពលរដ្ឋប្រុសស្រី៩នាក់បានសស្លាប់ជាបន្តបន្ទាប់ដោយគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ និង៣៣នាក់ ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីពួកគាត់ចូលរួមក្នុងពិធីបុណ្យសពមួយ ក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ហើយសង្ស័យថា ជាករណីពុលស្រាស។
ររបាយការណ៍ពីរដ្ឋបាលស្រុកកំពង់ត្រាច បានឱ្យដឹងថា ក្រោយពីទៅចូលរួមក្នុងពិធីបុណ្យសពក្នុងភូមិឃុំកើតហេតុខាងលើ ពោលគឺចាប់ពីថ្ងៃទី២១ រហូតដល់ព្រឹកថ្ងៃទី២៤ ខែឧសភា មនុស្សប្រុសស្រីចំនួន៨នាក់បានស្លាប់ជាបបន្តបន្ទាប់នៅគ្រាដែលជនរងគ្រោះទាំងនោះដេកឈឺនៅផ្ទះ និងតាមគ្លីនិកផ្សេងៗ។ ដោយឡែកជនទី៩បានស្លាប់ នារសៀលថ្ងៃទី២៤ បន្ទាប់ពីនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ដោយសារស្ថានភាពជំងឺដល់ដំណាក់កាលធ្ងន់ខ្លាំង។
គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា ដោយទទួលព័ត៌មានថា អ្នកភូមិជាច្រើនកំពុងដេកឈឺនៅផ្ទះ និងតាមគ្លីនិកមួយចំនួន ដែលសង្ស័យពុលស្រា នាព្រឹកថ្ងៃទី២៤ ខែឧសភា មន្ត្រីសុខាភិបាលស្រុកបានតាមស្វែងរក រួចបញ្ជូនអ្នកជំងឺចំនួន៣៤នាក់ មកកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ជាអកុសល បុរសវ័យប្រហែល៤០ឆ្នាំម្នាក់ បានស្លាប់ព្រោះតែស្ថានភាពជំងឺធ្ងន់រខ្លាំង។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា សមត្ថកិច្ច និងមន្ត្រីជំនាញកំពុងធ្វើកិច្ចការនេះ ដោយយកស្រាស ដែលសល់ពីពួកគាត់ពិសាទៅធ្វើការពិសោធន៍។ លទ្ធផលយ៉ាងណា នឹងចុះទៅត្រួតពិនិត្យតាមបណ្តាហាងបិតស្រាសជាបន្តទៀត៕
ដោយ៖ សូរិយា