ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ កំពុងបន្ដសហការជាមួយក្រុមការងារកងទ័ពនិងក្រុមគ្រូពេទ្យ ពន្លឿនការងារ ចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈ អតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាជាង ៧៦ម៉ឺននាក់ហើយ ទាំងដូសទី១និងដូសទី២ គិតត្រឹមថ្ងៃទី២៣ ឧសភា ម្សិល មិញ ។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន គឺនឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។
ពាក់ព័ន្ធនឹងតំបន់លឿងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យបានធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកងនិងខណ្ឌសែនសុខ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨ ឧសភា ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១ ដែល មានរហូតដល់២០ទីតាំង ហើយកាលពីថ្ងៃទី២៣ ឧសភា ម្សិលម៉ិញ អាជ្ញាធររាជធានីបានចេញសេចក្តីជូនដំណឹងពីការសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ឧសភា ដល់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១ ដែលមានចំនួន២០ទីតាំងដូចគ្នា។
នៅគ្រប់ទីតាំងដីការចាក់វ៉ាក់សាំង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំ និងបានណែនាំដល់អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបាន ជាដាច់ខាត នូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ។ ត្រូវប្រកាន់ខ្ជាប់ការចូលរួម អនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើស្មារតី ស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១» នៅរាជធានីភ្នំពេញ ឱ្យបានឆាប់ៗ នាពេលខាងមុខនេះ ។
សូមបញ្ជាក់ថា ៖អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់នោះ បានចំនួន៧៦ម៉ឺននាក់ហើយ នៅក្នុងខណ្ឌចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌដង្កោ ដោយគិតត្រឹមថ្ងៃ២៣ឧសភាម្សិលម៉ិញ។
ដោយឡែកសម្រាប់ ទីតាំងចាក់វ៉ាក់សាំងមួយកន្លែងនៅមុខរោងចក្រសាំ ហាន់ ស្ថិតនៅក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ ទីតាំងនេះបាន ទទួលការកោតសរសើរ ពីអាជ្ញាធររាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៤ឧសភានេះ ដោយទីតាំងនេះបានរៀបចំទាំងមានសណ្តាប់ធ្នាប់មាន របៀបរៀបរយ ជាមួយនិងរក្សាបាននូវគំលាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ បានយ៉ាងល្អ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាទៅចាក់វ៉ាក់សាំងនៅទីនោះ៕
ដោយ៖ សំរិត