អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី ២៤ខែឧសភា បានបញ្ជាក់ថា ពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងកូវីដ-១៩ ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិប្រើប្រាស់យុទ្ធសាស្ត្រLogic បំផុតសម្រាប់សង្គ្រាមទប់ស្កាត់ការឆ្លងកូវីដ-១៩។
មានប្រសាសន៍បើកកិច្ចប្រជុំជាប្រចាំ ឆ្នាំរបស់អង្គការសុខភាពពិភពលោក WHO អគ្គលេខាធិការអ.ស.ប. Antonio Guterres បានបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានបង្កឲ្យមានការឈឺចាប់ដល់ពលរដ្ឋ ដោយមានពលរដ្ឋដល់ទៅជាង៣,៤លាននាក់ស្លាប់ ។ បុគ្គលិកសុខាភិបាលដល់ទៅ ១១៥,០០០នាក់ហើយដែលបានពលីជីវិតក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ឱ្យដឹងនៅថ្ងៃចន្ទ ទី២៤ ខែឧសភានេះថា បុគ្គលិកថែទាំសុខភាពយ៉ាងហោចណាស់ ១១៥,០០០ នាក់ហើយដែលបានពលីជីវិតក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាតសកលកូវីដ-១៩។
នៅក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការមួយនេះបានសម្តែងការសាទរចំពោះការលះបង់របស់បុគ្គលិកសុខាភិបាលនៅជុំវិញពិភពលោក ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។
លោកបានមានប្រសាសន៍ថា «អស់រយៈពេលជិត១៨ខែកន្លងមកនេះ បុគ្គលិកសុខាភិបាលនៅទូទាំងពិភពលោកបានប្រថុយជីវិតដោយស្ថិតក្នុងចន្លោះរវាងស្លាប់និឹងរស់…ពួកគេបានជួយសង្គ្រោះជីវិតរាប់មិនអស់ ហើយទោះបីពួកគេប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏ពួកគេនៅតែបាត់បង់ទៅហើយ»។ លោក Tedros បានសង្កត់ធ្ងន់ថា «ពួកគេទាំងនោះជាច្រើននាក់បានឆ្លងជំងឺ ហើយបើទោះបីជារបាយការណ៍មានភាពខ្វះខាតក៏ដោយ ក៏យើងអាចប៉ាន់ស្មានថា យ៉ាងហោចណាស់បុគ្គលិកសុខាភិបាល និងបុគ្គលិកថែទាំចំនួន ១១៥,០០០នាក់បានចំណាយខ្ពស់បំផុតសម្រាប់ការបម្រើអ្នកដទៃ»៕
រូបភាព៖ AFP/ TTXVN