ខេត្តកោះកុង, អាជ្ញាធរខេត្តកោះកុង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន១៥នាក់ថែមទៀត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា បច្ចុប្បន្នស្រុកស្រែអំបិល មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៨នាក់ហើយ បើគិតចាប់តាំងថ្ងៃទី២២ ឧសភា ឆ្នាំ ២០២១។
រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Papid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូដ-១៩ ចំនួន១៥នាក់ក្នុងនោះស្រី១៣នាក់បន្ថែមទៀត ដែលជាប់ ពាក់ព័ន្ធទៅនឹងបុរសឈ្មោះ ម៉ន សុខម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ (អាយ តាវ) ស្ថិតនៅភូមិ ត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចមានរាយនាមខាងក្រោម៖
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកំសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ជាចាំបាច់។ ជាមួយគ្នានេះ អ្នកដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ក៏សូមធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មាន រោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
រដ្ឋបាលខេត្តកោះកុង សូមអំពាវនាវចំពោះ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត ឱ្យបានម៉ឺងម៉ាត់ជាដាច់ខាតនូវវិធានការ “៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩កុំឱ្យមានការឆ្លងទៅក្នុងក្រុមគ្រួសារ និងសហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ៕
ដោយ, សិលា