សម្លៀកបំពាក់ពណ៌ខ្មៅរបស់ឱក សុគន្ធកញ្ញា ស្លៀកចូលរួមបុណ្យសពម្តាយ ឆន សុវណ្ណរាជ ធ្វើឲ្យអ្នកគាំទ្រវែកញែកគ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅមួយកំប្លេទៅចូលរួមក្នុងពិធីបុណ្យសពរបស់ម្តាយតារាចម្រៀង ឆន សុវណ្ណរាជ កាលពីថ្ងៃទី២៤ ខែឧសភាកន្លងមកនេះ។ ឈុតពណ៌ខ្មៅ ដែលតារាស្រីកូនមួយរូបនេះស្លៀកពាក់នោះ ត្រូវបានទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា ជាទំនៀមទម្លាប់របស់ប្រទេសជិតខាងប៉ុណ្ណោះដែលប្រើប្រាស់ដើម្បីចូលរួមក្នុងពិធីបុណ្យសព ឬការកាន់ទុក្ខ ប៉ុន្តែសម្រាប់ជនជាតិខ្មែរគឺការស្លៀកពាក់ពណ៌ស។ ជាមួយគ្នានេះក៏មានអ្នកគាំទ្រមួយចំនួនបញ្ជាក់ត្រឡប់ទៅវិញក្នុងន័យតបទៅនឹងការបញ្ចេញយោបល់ទាំងនោះផងដែរ។
មតិខ្វែងគំនិតគ្នា រវាងការស្លៀកពាក់ពណ៌ ស ឬពណ៌ខ្មៅដើម្បីចូលរួមពិធីបុណ្យសព ឬកាន់ទុក្ខនោះ ត្រូវបានលេចឡើងលើគេហទំព័រផ្លូវការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា រហូតលេចចេញការវែកញែកជាច្រើន។ ក្នុងនោះគេចាប់អារម្មណ៍ទៅលើអត្ថន័យនៃការបញ្ចេញទស្សនៈរបស់អ្នកគាំទ្រម្នាក់ដែលបានលើកឡើងថា ការស្លៀកសម្លៀកបំពាក់គឺមិនសំខាន់ទេ ព្រោះវាមានអត្ថន័យពីរផ្សេងគ្នា រវាងពណ៌ស និឹង ពណ៌ខ្មៅ ដោយមិនប្រកាន់ថា ថៃ ឬ ខ្មែរ នោះទេ។ សម្លៀកបំពាក់ពណ៌” ស ” បានន័យថា យើងបានទៅចូលរួមដោយចិត្តជ្រះថ្លា ដោយសេចក្ដី សចិត្ត។រីឯពណ៍ ” ខ្មៅ ” គឺគេចង់សំដៅដល់ការ មានទុក្ខយ៉ាងក្រៀមក្រំ។សរុបមកពណ៌សឬខ្មៅ វាមិនសំខាន់ទេ គ្រាន់ពណ៌ស យើងស្លៀកដើម្បីបញ្ជាក់ថាយើងមានចិត្តជ្រះថ្លាអំឡុងពេលចូលរួមបុណ្យ តែពណ៌ខ្មៅសបញ្ជាក់ពីការកើតទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ក្រុមគ្រួសារនៃសព។ យើងអាចសង្កេតឃើញនៅពេលដែលយើងកាន់ទុក្ខគឺយើងតែងតែដាក់ក្រណាត់ពណ៌ខ្មៅខ្ទាស់ជាប់នឹងអាវរបស់យើង ដែលបង្ហាញពីការកាន់ទុក្ខ និិងរំលែកទុក្ខរបស់មនុស្សម្នាក់ៗ។ ដូច្នេះវាមិនមែនជាបញ្ហាទេ ដែលស្លៀកពាក់ខ្មៅឬសនោះ។
សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាយល់ឃើញថា សំពត់ពណ៌សមានប្រយោជន៍ដ៏សំខាន់ យ៉ាងនេះហើយ បានជាគេនិយមស្លៀកពាក់សំពត់អាវពណ៌សកាន់ទុក្ខសព ។ម្យ៉ាងវិញទៀត ការប្រើសំពត់ស ជាការចាំបាច់ក្នុងផ្លូវពិចារណាធម៌ សឹងមានក្នុងអតីតនិទាន គម្ពីរពុទ្ធសាសនាផងដែរ។ យោងតាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែររបស់ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩ស្តីអំពីទំនៀមកាន់ទុក្ខសពដ៏សាមញ្ញ ជនជាតិខ្មែរបានបញ្ជាក់ថា បណ្ដាជនជាតិខ្មែរ នៅស្រុកស្រែចម្ការ ច្រើនតែកោរសក់ ហើយស្លៀកពាក់សំពត់អាវសកាន់ទុក្ខសព តាមទម្លាប់ដែលចាស់ទុំធ្លាប់ធ្វើតៗគ្នាតាំងពីព្រេងនាយ ជាប់ជាទំនៀមរៀងរហូតមកដល់សម័យនេះ ។តាមយោបល់នៃលោកអ្នកប្រាជ្ញជាតិខ្មែរខ្លះយល់ថា ការដែលបណ្ដាជនជាតិខ្មែរកោរសក់ ហើយស្លៀកពាក់សំពត់អាវស កាន់ទុក្ខសពនោះ ដោយប្រកាន់តាមក្បួនច្បាប់ក្នុងព្រះពុទ្ធសាសនាជាគោល ដូចជាការកោរសក់ជាប្រស្នាសម្រាប់ពិចារណាឱ្យឃើញថា សក់ដែលកោរអស់រលីងហើយ តែងតែដុះឡើងវិញជាមិនខាន ប្រៀបធៀបនឹងមនុស្សស្លាប់ទៅហើយ ទៀងតែកើតឡើងទៀត ហើយសោយសុខទុក្ខទៅតាមផលបុណ្យបាបរបស់ខ្លួន ។ចំណែកសំពត់អាវមានពណ៌ផ្សេងៗជាច្រើន ប៉ុន្តែពណ៌សជាពណ៌អាចផ្លាស់ប្ដូរប្រែប្រួលទៅជាពណ៌អ្វីៗ ដទៃទៀតបាន គឺថាបើប៉ះពាល់ប្រឡាក់នឹងវត្ថុមិនស្អាតណាមួយ មានធ្យូងជាដើម តែងក្លាយទៅជាសំពត់ក្រខ្វក់អាក្រក់ដោយធ្យូងប្រឡាក់ មិននៅជាពណ៌សស្អាតតាមភាពដើមទេ ។ពណ៌សនេះ ទុកជាប្រស្នាមួយ សម្រាប់ឱ្យគិតពិចារណាប្រៀបធៀបទៅនឹងរូបមនុស្ស ដែលតែងផ្លាស់ប្ដូរប្រែប្រួលពីក្មេងទៅជាចាស់ ពីជាទៅជាឈឺ ពីរស់ទៅជាស្លាប់៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print